សៀមរាប៖ ក្រុមការងារអង្គការដោះមីនកម្ពុជា បានចុះអន្តរាគមន៍ភ្លាមៗ និងធ្វើការដកហូតគ្រាប់មីនប្រឆាំងមនុស្ស (AP Mine) ប្រភេទ Type 72A ចំនួន១គ្រាប់ ដោយសុវត្ថិភាព បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីកងកម្លាំងនគរបាល មូលដ្ឋាន អំពីការប្រទះឃើញវត្ថុសង្ស័យនៅក្នុងដីស្រែរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។

ឆ្លើយតបនឹងហេតុការណ៍នេះ អាជ្ញាធរមីនបានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ នៅពេលប្រទះឃើញគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុចម្លែកសង្ស័យជាសំណល់យុទ្ធភណ្ឌសង្គ្រាម សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឬផ្លាស់ទីវាឱ្យសោះ ព្រោះគ្រាប់ទាំងនោះអាចផ្ទុះបង្កឱ្យមានរបួស ពិការភាព ឬបាត់បង់ជីវិតបានគ្រប់ពេលវេលា។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត រួមមាន ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដើម្បីឱ្យជំនាញចុះអន្តរាគមន៍។

គួររំលឹកថា ពាក់ព័ន្ធនឹងបេសកកម្មសកម្មភាពមីននៅកម្ពុជា កន្លងមកកម្ពុជាសម្រេចបានសមិទ្ធផលធំធេងក្នុងការរំដោះផ្ទៃដីរងការគំរាមកំហែងពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានរហូតដល់ ៣.៥៩៨ គីឡូម៉ែត្រការ៉េ ដោយក្នុងនោះរួមមានផ្ទៃដីមានសល់គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៥៨៦ គីឡូម៉ែត្រការ៉េ។ លើសពីនេះ កម្ពុជាក៏បានបង្ហាញពីការរួមចំណែកយ៉ាងសកម្មលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកងរក្សាសន្តិភាពប្រមាណ ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ចាប់តាំងពីឆ្នាំ២០០៦ ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ប្រកបដោយជោគជ័យ។

ទោះបីជាកម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយសកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥ ក៏ដោយ ក៏កម្ពុជានៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកផ្នែកមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគីម្ខាងទៀត។ ការប្រើប្រាស់អាវុធទាំងនេះ មិនត្រឹមតែបង្កផលប៉ះពាល់មនុស្សធម៌ធ្ងន់ធ្ងររយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់សម្ពាធបន្ថែមយ៉ាងខ្លាំងលើការងារវាស់វែង-ស្រាវជ្រាវ ការបោសសម្អាត និងការជួយសង្គ្រោះជនរងគ្រោះរបស់កម្ពុជាផងដែរ៕

Share.