ព្រះចៅស៊ុលតង់ ហាសសាណាល់ ប៊ុលគីយ៉ាស់ (Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេ បានចេញព្រះរាជឱង្ការដកហូតព្រះឥស្សរិយយស “Pengiran Raabi’atul ‘Adawiyyah” ព្រះជាយារបស់ព្រះអង្គម្ចាស់ Abdul Malik ដោយមានប្រសិទ្ធភាពភ្លាមៗ ដោយសារតែព្រះកិរិយាមិនសមរម្យប៉ះពាល់ដល់កិត្តិយសរាជវង្ស។

អគ្គលេខាធិការដ្ឋានព្រះបរមរាជវាំងប្រ៊ុយណេ បានចេញសេចក្តីប្រកាសផ្លូវការមួយកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ដោយបញ្ជាក់ថា ព្រះចៅស៊ុលតង់មានព្រះរាជឱង្ការដកហូតគោរមងារ “Yang Amat Mulia Pengiran Anak Istri” (ស្មើនឹងតំណែងព្រះនាងជាយា) ចេញពី Pengiran Raabi’atul ‘Adawiyyah។ លោក Pengiran Haji Raffizanna Pengiran Haji Razali ស្តីទីប្រធានក្រុមប្រឹក្សាព្រះបរមរាជវាំង ជាអ្នកប្រកាសបញ្ជានេះតាមព្រះរាជតម្រិះរបស់ព្រះចៅស៊ុលតង់។

Pengiran Raabi’atul ‘Adawiyyah បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ Abdul Malik កាលពីខែមេសា ឆ្នាំ ២០១៥ ដោយពិធីអបអរសាទរត្រូវបានរៀបចំឡើងនៅរាជធានី បង់ដាសេរីបេហ្គាវ៉ាន់ (Bandar Seri Begawan) ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំដដែល ហើយពិធីប្តេជ្ញាសច្ចាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា នាបន្ទប់រាជបល្ល័ង្ក នៃព្រះបរមរាជវាំង Istana Nurul Iman ដែលជាព្រះរាជដំណាក់របស់ព្រះចៅស៊ុលតង់ប្រ៊ុយណេ។

ចំពោះមូលហេតុពិតប្រាកដនៅពីក្រោយការដកហូតព្រះឥស្សរិយយសលើកនេះ ខាងព្រះបរមរាជវាំងប្រ៊ុយណេមិនទាន់បានទម្លាយលម្អិតអំពីព្រះកិរិយាដែលនាំឱ្យមានការសម្រេចព្រះទ័យនេះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថាជាកិរិយាមិនសមរម្យ និងបង្ហាញពីការខ្វះការគោរពចំពោះព្រះចៅស៊ុលតង់។ ជាមួយគ្នានេះ គេនៅមិនទាន់ដឹងថា តើនឹងមានវិធានការផ្សេងទៀតបន្តលើ Pengiran Raabi’atul ‘Adawiyyah ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Abdul Malik គឺជាព្រះរាជបុត្រារបស់សម្តេចព្រះរាជាធិបតី ហាសសាណាល់ ប៊ុលគីយ៉ាស់ និងសម្តេចព្រះរាជិនី Saleha ដោយព្រះអង្គស្ថិតក្នុងលំដាប់រជ្ជទាយាទបន្តរាជសម្បត្តិ ហើយទើបតែត្រូវបានតែងតាំងឱ្យចូលរួមក្នុងគណៈរដ្ឋមន្ត្រីប្រ៊ុយណេ ក្នុងតំណែងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី កាលពីពាក់កណ្តាលឆ្នាំ ២០២៦ កន្លងទៅនេះ។

ការដកហូតព្រះឥស្សរិយយសលើកនេះ មិនមែនជាលើកទីមួយទេនៅក្នុងរាជសំណាក់ប្រ៊ុយណេឡើយ។ កាលពីឆ្នាំ ២០០៣ សម្តេចព្រះរាជាធិបតី ហាសសាណាល់ ប៊ុលគីយ៉ាស់ ធ្លាប់បានដកហូតព្រះឥស្សរិយយសទាំងអស់ពីព្រះជាយាអង្គទី ២ ព្រមទាំងបានលែងលះតាមច្បាប់ហ្សារីអា (Sharia) ហើយនៅឆ្នាំ ២០១០ ទ្រង់ក៏បានដក​ហូត​ព្រះឥស្សរិយយសពីព្រះជាយាអង្គទី ៣ ក្នុងលក្ខណៈស្រដៀងគ្នានេះដែរ។

យ៉ាងណាមិញ ករណីទាំងពីរមុននោះគឺជាការលែងលះរបស់ព្រះចៅស៊ុលតង់ផ្ទាល់ ដែលខុសពីលើកនេះ ដែលជាព្រះជាយារបស់ព្រះរាជបុត្រា។

Share.