កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យខិតខំបញ្ចេញសមត្ថភាព និងចំណេះដឹងដែលខ្លួនមានឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អ និងរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

ក្នុងឱកាសកាត់វិញ្ញាសាប្រឡងនៅវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យប្រឹងប្រែងប្រឡងដោយពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។

អភិបាលខេត្តបានផ្តាំឱ្យបេក្ខជនខិតខំឱ្យអស់លទ្ធភាព ដើម្បីសម្រេចបានជោគជ័យ ទទួលបានចំណាត់ថ្នាក់ល្អ និងនាំមកនូវកិត្តិយសជូនក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលារៀនរបស់ខ្លួន។តាមរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ធំមានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ស្មើនឹង ២៣៦បន្ទប់ប្រឡង។

សម្រាប់ការប្រឡងនៅឆ្នាំនេះ បេក្ខជនដែលបានចុះឈ្មោះប្រឡងនៅទូទាំងខេត្តកំពង់ធំមានចំនួន ៥,៨៨៣នាក់ ក្នុងនោះមានបេក្ខជនជាសិស្សស្រីចំនួន ៣,៤០៧នាក់។សម័យប្រឡងនៅខេត្តកំពង់ធំ ត្រូវបានរាយការណ៍ថា ដំណើរការទៅដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ និងការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់» ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ÷កំពង់ធំ

Share.