កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរងរបួសស្រាល ប៉ុន្តែដោយសារការតាំងចិត្ត និងការតស៊ូ បេក្ខជនរូបនេះនៅតែអាចបន្តចូលប្រឡងនៅពេលរសៀល និងប្រឡងរហូតដល់ចប់ដូចបេក្ខជនដទៃទៀត។


បើតាមលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឱ្យដឹងថា បេក្ខជនឈ្មោះ ហេង បូរី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការសរសេរវិញ្ញាសាពេលព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយត្រូវរថយន្តធុនធំបើកគៀរ បណ្តាលឱ្យដួល និងរងរបួសស្រាល។


ទោះជាយ៉ាងណា បេក្ខជនរូបនេះមិនបានបោះបង់ការប្រឡងឡើយ ហើយនៅពេលរសៀលថ្ងៃដដែល បានស្ម័គ្រចិត្តចូលប្រឡងបន្ត និងប្រឡងបានចប់ម៉ោងដូចបេក្ខជនផ្សេងៗទៀត។
លោកប្រធានមន្ទីរបានបញ្ជាក់ថា បេក្ខជន ហេង បូរី ជាបេក្ខជនមកពីស្រុកបារាយណ៍ ចូលប្រឡងនៅមណ្ឌលសាលាបឋមសិក្សាត្រពាំងវែង បន្ទប់លេខ១៤ តុលេខ៣៤៦ ផ្នែកវិទ្យាសាស្ត្រសង្គម។ ករណីនេះបានបង្ហាញពី ស្មារតីតស៊ូ និងការតាំងចិត្តរបស់បេក្ខជនក្នុងការប្រឡង ទោះបីជួបឧបសគ្គដោយមិនបានរំពឹងទុកក៏ដោយក៏មិនបោះបង់ឱកាសដែរខ្លួនបានខិតខំប្រឹងរៀនសូត្រអស់រយ:ពេល១២នោះឡើយ។





អត្ថបទ÷កំពង់ធំ

