កណ្ដាល៖ សង្កាត់រដ្ឋបាលជលផលស្អាង សហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ផ្នែករដ្ឋបាលជលផលបាសាក់ គណៈបញ្ជាការឯកភាពស្រុកស្អាង និងមន្ត្រីអង្គការអភិរក្ស បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។



ប្រតិបត្តិការនេះ ដឹកនាំដោយលោក អេង វណ្ណឌី អភិបាលរងនៃគណៈអភិបាលស្រុកស្អាង ដោយធ្វើឡើងនៅចំណុចស្លែងធំ និងស្លែងតូច ក្នុងឃុំព្រែកអំបិល និងចំណុចចុងព្រែកតាអុក ឃុំកោះខែល ស្រុកស្អាង។
ជាលទ្ធផល ក្រុមការងារបានរុះរើ ដកហូត និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន២ករណី រួមមាន របាំងកាត់ព្រែក១២កន្លែង របាំងព្រួលឬស្ស២៥ផែន របាំងព្រួលស្បៃប្រវែង១,៥៥៥ម៉ែត្រ លបប្រើស១០០ ចំនួន៧៥ខ្សែ លូស្បៃមុង៨៥មាត់លូ និងបង្គោលតូចធំចំនួន៧៣០ដើម។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានចាក់លែងកូនត្រីចម្រុះប្រមាណ៦៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីចូលរួមថែរក្សា និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ ចតុម្មុខ

