សារព័ត៌មានថៃបានបញ្ជាក់នាពេលថ្មីៗនេះថា ទិន្នន័យពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃក្នុងខែមិថុនា បានកត់ត្រានូវសញ្ញាវិជ្ជមានឡើងវិញជាលើកដំបូងក្នុងរយៈពេល ១៣ ខែ ដោយសារការប្រែប្រួលទិសដៅ និងការបង្វិលទីផ្សារនាំចេញទំនិញរបស់ខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី និងឡាវ ជំនួសឱ្យទីផ្សារកម្ពុជា ខណៈដែលការជួញដូរតាមច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទទ្វារនិងស្ថិតក្នុងកម្រិតសូន្យ ក្រោយពេលថៃបានប្រកាសបិទច្រកព្រំដែនជាឯកតោភាគីកាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២៥។

យោងតាមការចេញផ្សាយទិន្នន័យពាណិជ្ជកម្មតាមព្រំដែនថៃបានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់ថៃក្នុងខែមិថុនា មានទំហំរហូតដល់ ៧៩,៤៧៧ លានបាត ដែលស្មើនឹងការកើនឡើង ៣.៩%។ នៅក្នុងនោះ ការនាំចេញសរុបរបស់ថៃសម្រេចបាន ៤៣,៨៤៧ លានបាត (ថយចុះ ៧.៣%) ខណៈការនាំចូលមានចំនួន ៣៥,៦៣០ លានបាត (កើនឡើង ២២.០%) ដែលធ្វើឱ្យថៃបន្តរក្សាបាននូវអតិរេកពាណិជ្ជកម្មចំនួន ៨,២១៧ លានបាត។
កំណើនពាណិជ្ជកម្មដែលបានងើបឡើងវិញនេះ ដោយសារការហក់ឡើងនៃពាណិជ្ជកម្មជាមួយប្រទេសម៉ាឡេស៊ី ដែលមានទំហំធំជាងគេរហូតដល់ ៣៨,២០១ លានបាត កើនឡើង ៤៨.៤% និងប្រទេសឡាវ មានទំហំ ២៥,៤៧៨ លានបាត កើនឡើង ១២.៨%។ ដោយឡែក ពាណិជ្ជកម្មជាមួយប្រទេសមីយ៉ាន់ម៉ាវិញ មានទំហំ ១៥,៧៩៨ លានបាត ពោលគឺថយចុះ ៨.៥% ស្របពេលមានយុទ្ធនាការបោសសម្អាតទំនិញរបស់ថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យ៉ាងណាមិញ ផ្ទុយពីកំណើននៅច្រកព្រំដែនដទៃទៀត ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានកត់ត្រាថានៅតែស្ថិតក្នុងកម្រិតសូន្យដដែល ដោយសារតែច្រកត្រួតពិនិត្យព្រំដែនរវាងកម្ពុជានិងថៃ នៅតែបន្តបិទទ្វារស្ទើរតែទាំងស្រុង។
ផ្អែកលើការផ្លាស់ប្តូរទិសដៅពាណិជ្ជកម្មនេះ បានស្តែងឱ្យឃើញថា ភាគីថៃកំពុងប្រឹងប្រែងរុញច្រានទំនិញរបស់ខ្លួនទៅកាន់ទីផ្សារជិតខាងថ្មីផ្សេងទៀតដូចជានាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីនជាដើម ដើម្បីប៉ះប៉ូវ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដែលកើតចេញពីការគាំងស្ទះពាណិជ្ជកម្មនៅច្រកព្រំដែនកម្ពុជា។ ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ បានបង្ខំឱ្យពាណិជ្ជករថៃត្រូវកែប្រែយុទ្ធសាស្ត្រទីផ្សារយ៉ាងឆាប់រហ័ស ដើម្បីទប់ទល់នឹងការបាត់បង់ប្រភពចំណូលដ៏សំខាន់ពីកម្ពុជា៕

