មើលលើការចេញផ្សាយរបស់សារព័ត៌មាន Matichon នាពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងជំនួបរវាងជំនួបរវាងប្រធាននាយកដ្ឋានព័ត៌មានវិទ្យាយោធាថៃ និងអនុព័ន្ធយោធាចិន ប្រចាំទីក្រុងបាងកក កាលពីពេលថ្មីៗនេះ ភាគីថៃបានសួរសួរដេញដោលយ៉ាងបារម្ភពីបញ្ហាព័ត៌មានក្នុងស្រុកថៃជាច្រើនលេចលឺថា ប្រទេសចិនបានដឹកជញ្ជូនអាវុធមកឱ្យកម្ពុជានាពេលថ្មីៗនេះ។ ជាមួយគ្នានោះអនុព័ន្ធយោធាចិនបានបញ្ជាក់ជាមួយយោធាថៃថា ប្រទេសចិនមិនបានផ្គត់ផ្គង់អាវុធដល់កម្ពុជាទេ ហើយបានសង្កត់ធ្ងន់លើទំនាក់ទំនងរឹងមាំរវាងថៃ និងកម្ពុជាយ៉ាងច្បាស់លាស់។

ប្រភពព័ត៌មានថៃ បានផ្សាយឱ្យដឹងថា នៅក្នុងជំនួបនោះ អនុព័ន្ធយោធាចិនប្រចាំប្រទេសថៃ បានសម្តែងការព្រួយបារម្ភចំពោះជម្លោះរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដោយបញ្ជាក់ថា ប្រទេសថៃ និងប្រទេសកម្ពុជា គឺជាប្រទេសជិតខាងយូរអង្វែងមកហើយ និងគាំទ្រឱ្យស្វែងរកដំណោះស្រាយដោយសន្តិវិធីរួមគ្នា។ ចិន បានសង្កត់ធ្ងន់ថាខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់នៅក្នុងការដឹកជញ្ជូនអាវុធ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការយោធាកម្ពុជាកន្លងមកនោះទេ។ លើសពីនេះ ភាគីចិនបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងល្អជាមួយប្រទេសថៃ ហើយបានបញ្ជាក់ថា ខ្លួនបានណែនាំកម្ពុជាអំពីគោលការណ៍ណែនាំទាក់ទងនឹងការប្រើប្រាស់ឧបករណ៍យោធា ដោយសង្កត់ធ្ងន់ថា វាមិនគួរត្រូវបានប្រើប្រាស់នៅក្នុងតំបន់តាមបណ្តោយព្រំដែនថៃ-កម្ពុជាឡើយ។

យ៉ាងណាមិញ ភាគច្រើនណៃព័ត៌មានប្រឌិតនៅក្នុងស្រុកថៃបានសម្រុកចោទប្រកាន់មកកម្ពុជាទាំងគ្មានមូលដ្ឋានច្បាស់លាស់នោះ ដែលការណ៍នេះត្រូវបានគេមើលឃើញថា ថៃតែងតែព្យាយាមបង្កើតរូបភាពព័ត៌មានដើម្បីលួងលោមប្រជាពលរដ្ឋខ្លួន និងព្យាយាមរកលេសចោទប្រកាន់កម្ពុជាក្នុងល្បិចកលនយោបាយព័ត៌មាន។
នៅពេលដែលភាគីថៃបង្ហាញសកម្មភាពប្រញាប់ប្រញាល់សាកសួរដេញដោល និងទាមទារឱ្យមានការបញ្ជាក់ពីតំណាងយោធាចិនជុំវិញការផ្គត់ផ្គង់អាវុធឱ្យកម្ពុជា នោះបានស្តែងឱ្យឃើញថា កងទ័ពថៃកំពុងមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពការពារជាតិ និងការបំពាក់អាវុធទំនើបៗរបស់កម្ពុជា។ ការកើនឡើងនូវសមត្ថភាពយោធាកម្ពុជា បានធ្វើឱ្យថៃបាត់បង់ទំនុកចិត្តលើមសមតថភាពយោធារបស់ខ្លួននៅតាមបណ្តោយព្រំដែនយ៉ាងច្បាស់ណាស់។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះមិនបានបង្ហាញពីភាពខ្លាំងក្លារបស់ថៃនោះទេ ប៉ុន្តែវាគឺជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃកំពុងរស់នៅក្នុងភាពព្រួយបារម្ភជាប្រចាំ ចំពោះការប្រឈមមុខដាក់គ្នានៅតាមព្រំដែន ហើយត្រូវបង្ខំចិត្តប្រើប្រាស់យន្តការព័ត៌មានក្លែងក្លាយ ដើម្បីស្វែងរកការគាំទ្រផ្លូវចិត្តពលរដ្ឋខ្លួនជាបន្ទាន់។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការប្រឆាំងរាល់ព័ត៌មានក្លែងក្លាយដែលកើតមានឡើង ហើយកម្ពុជានៅតែបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពកន្លងមក ដើម្បីរួមចំណែករក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

