រាជធានីភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញមុខវាយបក និងលាតត្រដាងនូវធាតុពិតនៃនយោបាយ បករបាំងមុខខ្លួនឯងរបស់ភាគីថៃ លើឆាកអន្តរជាតិ ដោយផ្លាស់ប្តូររូបភាពពីអ្នកដែលធ្លាប់អះអាងថាជា «អ្នកសង្គ្រោះ» មកជា «អ្នកសាងគ្រោះថ្នាក់» យ៉ាងពិតប្រាកដសម្រាប់តំបន់។

តាមរយៈសារវិភាគយ៉ាងមុតស្រួចនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត យង់ ពៅ បានចង្អុលបង្ហាញពីការប្រឌិតភូតភរ និងភាពពុតត្បុតរបស់ថៃចំពោះអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិ ដោយបានលាតត្រដាងនូវចំណុចក្តៅៗចំនួន ៦រួមមាន៖

១.ថៃ បានអះអាងប្រាប់UN និងពិភពលោកថា ធ្លាប់សង្គ្រោះខ្មែរជាដរាបរៀងមក ប៉ុន្តែហេតុការណ៍ប្រវត្តិសាស្ត្រនិងនយោបាយបានកត់ត្រាភស្តុតាងថាថៃសម្លាប់ខ្មែរ ឈ្លានពានទឹកដីខ្មែរ មិនអាចកោសលុប ឬផ្លាស់ប្តូរការពិតបានឡើយ។

២.ថៃ បានអះអាងប្រាប់ពិភពលោកថា ជម្លោះព្រំដែនកើតចេញពីកម្ពុជាឈ្លានពានទឹកដីថៃជាង៤០ឆ្នាំ ប៉ុន្តែផ្ទុយទៅវិញថៃបានបង្ហាញភស្តុតាងថាខ្លួនឈ្លានពានកម្ពុជាយ៉ាងច្បាស់តាមរយៈអង្គហេតុទាំងឡាយដែលខ្លួនបានប្រព្រឹត្តិមកលើកម្ពុជា (បំផ្លាញផ្ទះសម្បែងពលរដ្ឋកម្ពុជា បំផ្លាញប្រាសាទក្នុងទឹកកម្ពុជា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកដីកម្ពុជា ចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនព្រមចាកចេញ…) ដែលទាំងនេះក្លាយជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

៣.ថៃ បានអះអាងប្រាប់អន្តរជាតិថា កម្ពុជាមិនចរចាទ្វេភាគី ប៉ុន្តែផ្ទុយទៅវិញថៃលុបយន្តការទ្វេភាគីលើបញ្ហាសមុទ្រត្រួតស៊ីគ្នា ជាឯកតោភាគីស្រេចតែនឹងចិត្ត បំបាត់ទំនុកចិត្តជាអន្តរជាតិដោយខ្លួនឯង។

៤.ថៃ បំផ្លាញយន្តការអាស៊ានករណីកុងសង់ស៊ីស៥ចំណុចលើបញ្ហាមីយ៉ាន់ម៉ា ដោយមិនខ្វល់និងមិនឱ្យតម្លៃសមាជិកអាស៊ានផ្សេងទៀត។

៥.ថៃ បានអះអាងប្រាប់អន្តរជាតិថា ធ្វើសង្គ្រាមចូលទឹកដីកម្ពុជាឆ្នាំ២០២៥ គឺកម្ចាត់ការឆបោកអនឡាន online scam ក្នុងទឹកដីកម្ពុជា ផ្ទុយទៅវិញទឹកដីថៃជាសំបុក្រ scam។

៦.ថៃ បានអះអាងប្រាប់អន្តរជាតិថាស្អាតស្អំពីគ្រឿងញៀន ប៉ុន្តែឥណ្ឌូនេស៊ីទើបចាប់់បានគ្រឿងញៀនរាប់តោន ថែមទាំងបន្លំប្រើឈ្មោះភាសាខ្មែរលើការវេចខ្ចប់។

លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ និងអំពាវនាវថា ភាគីថៃកំពុងភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរដោយគិតថាពិភពលោកបច្ចុប្បន្នកំពុងរស់នៅក្នុង «សតវត្សរ៍ទី១៣» ដូចពូជសាសន៍ខ្លួន។ លោកបានទទូចឱ្យភាគីថៃឆាប់ភ្ញាក់ពីសុបិនសម័យកាលសតវត្សរ៍ទី១៣ នោះ ហើយរៀនរស់នៅក្នុងសម័យកាលទំនើប និងប្រកបដោយការទទួលខុសត្រូវវិញ។

សូមជម្រាបថា ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ បន្ទាប់ពីហេតុការណ៍ប៉ូលិសឥណ្ឌូណេស៊ី ចាប់បានគ្រឿងញៀនជាច្រើនបេមានទម្ងន់សរុប១,៣តោន ដែលអាចមានតម្លៃខ្ទង់១៥០លានដុល្លារ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះរូបភាពគួរឱ្យកត់សម្គាល់គឺបេដាក់គ្រឿងញៀនទាំងនោះ គឺជាបេសម្រាប់ច្រកអង្ករដែលមានអក្សរខ្មែរ ប៉ុន្តែពុំមែនក្រុមឧក្រិដ្ឋជនលួចដឹកចេញពីកម្ពុជាទៅនោះទេ។

គ្រឿងញៀនទាំងអស់នោះ ត្រូវបានក្រុមឧក្រិដ្ឋជនលួចដឹកតាមកប៉ាល់ចេញពីប្រទេសថៃទៅ។ ដោយប៉ូលិសឥណ្ឌូណេស៊ី ចាប់វ៉ៃខ្នោះជនសង្ស័យ៨នាក់លើកប៉ាល់ដឹកគ្រឿងញៀន ហើយបញ្ជូនទៅឃុំខ្លួនភ្លាមៗមានជនជាតិ​មីយ៉ាន់ម៉ា៧នាក់ និងជនជាតិចិន-តៃវ៉ាន់ម្នាក់។ តាមរយៈប្រតិបត្តិការនេះ ប៉ូលិសឥណ្ឌូណេស៊ី កំពុងតាមប្រមាញ់អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ៕

Share.