ប្រជាពលរដ្ឋកម្ពុជាជិត ៣៧ ម៉ឺននាក់ រស់នៅក្នុងក្រុង និងភូមិចំនួន ៣៤៩ ត្រូវបានកត់ត្រាថាបានរងផលប៉ះពាល់ដោយផ្ទាល់ពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកចង្កោម ខណៈផ្ទៃដីប្រមាណជាង ៣,៨០០ គីឡូម៉ែត្រការ៉េ ត្រូវបានរកឃើញថារងការប្រឡាក់ប្រឡូសដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះបើរបាយការណ៍ស្រាវជ្រាវចុងក្រោយរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

រងផលប៉ះពាល់ដោយផ្ទាល់ មានន័យថា ផ្ទះសម្បែង ភូមិឋានរបស់ពួកគាត់ត្រូវរងការខូចខាងដោយការវាយប្រហារឈ្លានពានរបស់កងទ័ពថៃ។ ដោយឡែកពលរដ្ឋជិត៣០ម៉ឺននាក់ទៀត ទោះបីមិនទទួលរងផលប៉ះពាល់ ប៉ុន្តែពួកគាត់ស្ថិតនៅតំបន់គ្រោះថ្នាក់ដែលត្រូវភៀសខ្លួនរកទីមានសុវត្ថិភាព។



អគ្គនាយកអង្គភាព CMAC ឯកឧត្តម ហេង រតនា បានឱ្យដឹងតាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការបស់លោកនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ នេះថា ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងគ្រាប់បែកចង្កោមយ៉ាងកម្រោលពីសំណាក់កងទ័ពថៃ មិនត្រឹមតែបង្កឱ្យប្រជាពលរដ្ឋចំនួន ៩១,៤១១ គ្រួសារ (ស្មើនឹង ៣៦៤,៩៨៤ នាក់) រងផលប៉ះពាល់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវសំណល់គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅលើដែនដីកម្ពុជាផងដែរ។ បច្ចុប្បន្ន អង្គភាព CMAC បានបិទបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពាន ដែលមានចំនួន ៣៣៥ ភូមិ ហើយដែលទិន្នន័យនេះនៅមិនទាន់រាប់បញ្ចូលទាំងចំនួនក្រុង ភូមិឋាន និងប្រជាជនដែលបានរត់ភៀសខ្លួនចោលភូមិឋានដោយសារការភ័យខ្លាចនោះនៅឡើយទេ។


ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីជនរងគ្រោះស៊ីវិល ភស្តុតាងនៃការបំផ្លិចបំផ្លាញយ៉ាងឃោរឃៅរួមមាន ប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមរាប់ម៉ឺនខ្នង ដែលរងការវាយប្រហារដោយគ្រាប់បែក គ្រាប់បែកចង្កោម និងសារធាតុគីមីពុល កំពុងឈរទន្ទឹងរង់ចាំយុត្តិធម៌។ ការចេញមុខទម្លាយទិន្នន័យបច្ចេកទេសជាក់ស្តែងនៅលើដីនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្យាយាមបង្វែរសាច់រឿង និងប្រកែកទម្លាក់កំហុសរបស់ភាគីថៃ ក្នុងគោលបំណងមួលបង្កាច់តួលេខជនភៀសសឹកជាង ៦៥០,០០០ នាក់ ដែលមានចែងនៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)៕






