កំពង់ចាម៖ បេក្ខជនសរុបចំនួន ៩,៧៣៦នាក់ ក្នុងនោះស្រី ៥,៧៣៤នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម ដោយការប្រឡងបានដំណើរការយ៉ាងរលូននៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល នៅទូទាំងខេត្ត។ការប្រឡងបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងប្រទេស ក្រោមពាក្យស្លោក «ចេះគឺជាប់»។

នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសា និងពិនិត្យដំណើរការប្រឡង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែង តាំងចិត្ត និងប្រើប្រាស់ចំណេះដឹងដែលបានសិក្សា ដើម្បីប្រឡងឱ្យទទួលបានលទ្ធផលល្អ និងក្លាយជាធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។

តាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បេក្ខជនទាំង ៩,៧៣៦នាក់ ត្រូវបានរៀបចំឱ្យប្រឡងនៅ ១៦មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រ ៥មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម ១១មណ្ឌល ដែរស្ថិតនៅក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកជើងព្រៃ និងមណ្ឌលថ្មីមួយទៀតនៅស្រុកកងមាស។

ដំណើរការប្រឡងត្រូវបានរៀបចំ និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ÷អាចារ្យលាក់

Share.