ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខួយ រីដា បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពបរិស្ថាននៅតាមមូលដ្ឋានឱ្យកាន់តែផុសផុល ជាពិសេសរួមគ្នាលុបបំបាត់ការបោះសំរាមពាសវាលពាសកាល។

ក្នុងឱកាសពិធីសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី នៅឃុំឈើតុំ ស្រុកក្រគរ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានក្នុងភូមិឋាន និងតាមដងផ្លូវសាធារណៈ ព្រមទាំងរក្សាសណ្តាប់ធ្នាប់ និងកុំរំលោភចំណីផ្លូវសាធារណៈ។

ឯកឧត្តមបានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ក្នុងការរក្សាបាននូវបរិស្ថានស្អាត មានសោភ័ណភាព និងពណ៌បៃតងស្រស់បំព្រងជាប្រចាំនៅតាមមូលដ្ឋាន៕

អត្ថបទ÷ពោធិ៍សាត់

Share.