ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីចាប់មនុស្សដាក់ក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ សុទ្ធតែជាជនជាតិវៀតណាម រួមមាន ធិន ហ្វាប់, ជិង វិធាន និង ង្វៀង វិនហ្វាប់។

ក្រោយទទួលបានព័ត៌មានអំពីករណីខាងលើ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះស្រាវជ្រាវ និងស៊ើបអង្កេត រហូតប្រទះឃើញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន។

សមត្ថកិច្ចបានប្រដេញ និងស្ទាក់រថយន្តម៉ាក Prius ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AW-3145។ ដោយភ័យខ្លាច ក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ ហើយបន្តបើករថយន្តគេចខ្លួន។

រហូតដល់ម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃដដែល រថយន្តរបស់ជនសង្ស័យបានបុកខឿនដាក់រានទេវតា បណ្តាលឱ្យកល់ជាប់ ហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.