ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្របឹងក្រពិត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងលែងកូនត្រីចម្រុះជាង១១ម៉ឺនក្បាល ចូលក្នុងប្រភពទឹកធម្មជាតិវិញ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ សុខាវង្ស អភិបាលរងស្រុកអូររាំងឪ សហការជាមួយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ និងកម្លាំងពាក់ព័ន្ធ ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ជាលទ្ធផល កម្លាំងចម្រុះបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅនឹងកន្លែង រួមមាន លូស្បៃមុងចំនួន៣៧មាត់ របាំងស្បៃមុងប្រវែង៩២៥ម៉ែត្រ និងបង្គោលចម្រឹងចំនួន៥៥៧ដើម។

ជាមួយគ្នានេះ សមត្ថកិច្ចបានចាក់លែងកូនត្រីចម្រុះទម្ងន់ប្រមាណ៧៤គីឡូក្រាម ស្មើប្រមាណ១១១,០០០ក្បាល ចូលក្នុងប្រភពទឹកធម្មជាតិវិញ ដើម្បីរួមចំណែកថែរក្សា និងពង្រីកពូជមច្ឆជាតិឱ្យបានគង់វង្ស៕

អត្ថបទ៖ ចតុម្មុខ

Share.