បាងកក៖ ប្រទេសថៃកំពុងប្រឈមមុខនឹងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រព័ន្ធសុវត្ថិភាពតាមគ្រឹះស្ថានសិក្សា។ ខណៈដែលសោកនាដកម្មបាញ់ប្រហារយ៉ាងរន្ធត់នៅសាលារៀនមួយកន្លែងក្នុងខេត្ត Nonthaburi មិនទាន់ស្ងប់ និងកំពុងរងការរិះគន់យ៉ាងចាស់ដៃពីមហាជនផងនោះ ពេលនេះសាលារៀនមធ្យមសិក្សាមួយកន្លែងទៀតនៅភាគខាងត្បូងប្រទេសថៃ បានបង្ខំចិត្តបិទទ្វារជាបន្ទាន់ បន្ទាប់ពីមានការគំរាមកំហែងប្រើប្រាស់អាវុធពីសំណាក់អតីតគ្រូបង្រៀនបរទេសម្នាក់។

សាលារៀន Hatyaiwittayalai ស្ថិតក្នុងស្រុក Hat Yai ខេត្ត Songkhla បានប្រកាសផ្អាកការសិក្សាផ្ទាល់រយៈពេល២ថ្ងៃកាលពីដើមសប្តាហ៍ ដោយតម្រូវឱ្យសិស្សប្រមាណ ៣,៦០០នាក់ និងបុគ្គលិក ២៥០នាក់ ប្តូរទៅរៀនតាមអនឡាញវិញភ្លាមៗ ដើម្បីធានាសុវត្ថិភាព នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ វិធានការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីលោក Pieter Johannes Dreyer អតីតគ្រូបង្រៀនភាសាអង់គ្លេស ជនជាតិអាហ្វ្រិកខាងត្បូង ដែលត្រូវបានបញ្ឈប់ពីការងារកាលពីថ្ងៃទី២៤ ខែខែកក្កដា កន្លងទៅដោយសារតែរំលោភលើកិច្ចសន្យាការងារ។

យោងតាមសារព័ត៌មាន Khaosod បានឱ្យដឹងថា លោក Dreyer បានបង្ហោះរូបថតកាំភ្លើង និងសារសំឡេងគំរាមកំហែងចូលទៅក្នុងក្រុមឆាត LINE ដែលមានសមាជិកជិត ៥,០០០នាក់។ ទន្ទឹមនោះ ក្រុមប្រឹក្សាភិបាលសាលាបានចាត់ទុកការបង្ហោះនេះថាជា ការគំរាមកំហែងផ្ទាល់ដល់សិស្ស គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលា ហើយក៏បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសស្រុក Hat Yai ភ្លាមៗ។


ទោះបីជាក្រោយមក លោក Dreyer បានចេញវីដេអូសុំទោស ដោយអះអាងថា ខ្លួនគ្មានបំណងបង្កអំពើហិង្សា និងគ្រាន់តែចង់បញ្ចេញការមិនពេញចិត្តលើការគ្រប់គ្រងរបស់សាលាក៏ដោយ ប៉ុន្តែអាជ្ញាធរបានរកឃើញថា រូបគេបានចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសម៉ាឡេស៊ី បាត់តាំងពីមុនពេលបង្ហោះការគំរាមមកម្ល៉េះ។


ហេតុការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ធុញទ្រាន់នឹងការសិក្សា និងស្អប់គ្រូ បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបន្តទៅបាញ់រះសម្លាប់មនុស្ស ៦នាក់ទៀតនៅសាលារៀន Debsirin Nonthaburi មុនពេលបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃទី ៧ ខែសីហា។ សោកនាដកម្មបន្តបន្ទាប់គ្នាទាំងនេះ បានបង្កជាការចោទសួរយ៉ាងធ្ងន់ធ្ងរអំពីប្រសិទ្ធភាពនៃវិធានការការពារ និងការរឹតបន្តឹងសុវត្ថិភាពនៅក្នុងសាលារៀននៅទូទាំងប្រទេសថៃ៕

