អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមសម្របសម្រួលកម្ពុជា (CLG) បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ក្រោមការដឹកនាំរបស់ប្រធានបេសកកម្មដែលមកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមព្រំដែនកម្ពុជា-ថៃ។







ការចុះបេសកកម្មនេះ បានធ្វើឡើងនៅទីតាំងផ្ទះប្រជាពលរដ្ឋចំនួន ១១៤ខ្នង ដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការខូចខាតនេះ បានបន្សល់ទុកផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥១១នាក់ (ស្រី ២៦៨នាក់) ដែលរហូតមកដល់ពេលនេះ នៅតែមិនទាន់អាចត្រឡប់មកក្រសោបយកជីវភាព និងរស់នៅក្នុងលំនៅឋានដើមវិញបាននៅឡើយ ដោយសារបារម្ភពីសុវត្ថិភាព។
ក្រសួងបានគូសបញ្ជាក់ថា ផ្ទះសម្បែងទាំងនោះជារបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបណ្តាលឱ្យខូចខាតទាំងទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងតំបន់។
ភាគីកម្ពុជាបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់ AOT និងបានសង្កត់ធ្ងន់ថា ការចុះពិនិត្យដល់ទីតាំងផ្ទាល់បែបនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនប្រសិទ្ធភាពអាណត្តិការងាររបស់ក្រុមសង្កេតការណ៍ ក្នុងការផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់ពេញលេញ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការបង្កើតទំនុកចិត្តរវាងភាគីទាំងពីរ៕

