មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង២នាក់ត្រូវបានទម្លាក់ចេញពីមុខតំណែង បន្ទាប់ពីក្រសួងមហាផ្ទៃបានរកឃើញថា មានការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ នៅក្នុងឃុំចំនួន៥ នៃខេត្តនេះ។

យោងតាមដីការបញ្ចប់មុខតំណែងមន្ត្រីរាជការ ដែលចេញដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញថា លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគ និងលោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យ ត្រូវបានទម្លាក់តំណែងមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពង់ឆ្នាំង ដោយតម្រូវឱ្យនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត និងសាមីខ្លួនទាំង២នាក់ខាងលើ អនុវត្តដីកានេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ចំណាត់ការដកតំណែងលើមន្ត្រីទាំង២នាក់ខាងលើនេះ ធ្វើឡើងបន្ទាប់ពី អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់បញ្ជូនក្រុមការងារជំនាញចុះពិនិត្យ និងស្រាវជ្រាវផ្ទាល់ ដោយបានរកឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរដ្ឋបាលឃុំសរុប ចំនួន ៥ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានទាំងរដ្ឋបាលឃុំទឹកហូតផងដែរ។

ជុំវិញលទ្ធផលនៃការពិនិត្យ ស្រាវជ្រាវនេះ ក្រសួងមហាផ្ទៃ បានណែនាំទៅ រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើក្រុមមន្ត្រីទាំងឡាយណា ដែលបានគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងខុសពីគោលការណ៍ច្បាប់ និងនីតិវិធីកំណត់ ដោយត្រូវអនុវត្ត វិធានការវិន័យ ឬទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Share.