ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យថ្មីស្តីពី «ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា» ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីកំណត់នីតិវិធីលម្អិត លក្ខខណ្ឌ និងគោលនយោបាយគាំទ្រដល់ប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចការពារជាតិ។

អនុក្រឹត្យនេះបានចែងពីដំណាក់កាលសំខាន់ៗ និងអត្ថប្រយោជន៍ដែលយុវជននឹងទទួលបាន ដូចខាងក្រោម៖
១. ការធ្វើជំរឿន និងវិធីសាស្ត្រជ្រើសរើស
ការធ្វើជំរឿន៖ អាជ្ញាធរនឹងធ្វើជំរឿនប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុពី ១៧ ដល់ ២៥ ឆ្នាំ ជារៀងរាល់ឆ្នាំ ចាប់ពីដើមខែតុលា ដល់ដំណាច់ខែធ្នូ ដោយផ្អែកលើទិន្នន័យពីក្រសួងមហាផ្ទៃ និងរដ្ឋបាលឃុំ-សង្កាត់។
ការជ្រើសរើស និងរយៈពេល៖ យុវជនអាយុ ១៨ ដល់ ២៥ ឆ្នាំ នឹងត្រូវជ្រើសរើសតាមរយៈ «ការស្ម័គ្រចិត្ត» ឬ «ការចាប់ឆ្នោត» ដើម្បីចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ។
ការបង្ហាញខ្លួន៖ អ្នកទទួលបានលិខិតអញ្ជើញ ត្រូវមកបង្ហាញខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ ដោយភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ ឬបណ្ណសម្គាល់ខ្លួនសិស្ស/និស្សិត។
២. ការពន្យារពេល និងការលើកលែង
ការពន្យារពេល៖ សិស្ស-និស្សិតកំពុងសិក្សា ពលករ/អ្នកហាត់ការនៅបរទេស និងមន្ត្រីរាជការដែលបំពេញបេសកកម្មក្រៅប្រទេស អាចស្នើសុំពន្យារពេលបាន ១ ឆ្នាំម្តង (រហូតដល់ ៤ ដង)។ ទោះជាយ៉ាងណា រយៈពេលដែលបានពន្យារ នឹងត្រូវបូកបន្ថែមលើអាយុត្រូវបំពេញកាតព្វកិច្ច (មិនមែនផុតអាយុ ២៥ ឆ្នាំហើយរួចខ្លួននោះទេ)។
ការលើកលែងពិសេស៖ អ្នកជំនាញលើវិស័យសំខាន់ៗ ដូចជា វិស្វកម្ម សំណង់ ជំនាញបោសសម្អាតមីន សុខាភិបាល និង IT/ទូរគមនាគមន៍ អាចរួចផុតពីកាតព្វកិច្ចយោធា ប្រសិនបើពួកគេបំពេញបេសកកម្ម ឬធ្វើការស្រាវជ្រាវបម្រើផលប្រយោជន៍កងយោធពលខេមរភូមិន្ទក្នុងរយៈពេល ២៤ ខែ។

៣. ប្រាក់ឧបត្ថម្ភ និងគោលរបប
ក្នុងអំឡុងពេល ២៤ ខែ យោធិនកាតព្វកិច្ចនឹងទទួលបាន៖
-ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០០,០០០ រៀល។
-គោលរបបអាហារ អាហារបំប៉នពេលហ្វឹកហាត់ របបអង្ករ ឯកសណ្ឋាន និងប្រាក់បំណាច់គ្រួសារ/កូន ដូចយោធិនអាជីព។
-ការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃក្នុងករណីជំងឺ ឬរបួស។ ករណីពលី ឬពិការ នឹងទទួលបានគោលរបបស្មើនឹងយោធិនអាជីព។
-ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបន្ថែម ក្នុងអំឡុងពេលហ្វឹកហ្វឺន។
៤. ការធានាសិទ្ធិការងារ និងការសិក្សា
អនុក្រឹត្យបានកំណត់ការពារសិទ្ធិប្រជាពលរដ្ឋយ៉ាងម៉ឹងម៉ាត់ក្រោយបញ្ចប់កាតព្វកិច្ច៖
ខាងផ្នែកការងារ៖ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល ត្រូវទទួលបុគ្គលិកឱ្យចូលធ្វើការវិញក្នុងមុខតំណែងដើម។ ប្រសិនបើសហគ្រាសឯកជនមិនទទួលវិញ ត្រូវផ្តល់ប្រាក់បំណាច់ និងសំណងជំងឺចិត្តតាមច្បាប់ការងារ។
ខាងផ្នែកសិក្សា៖ គ្រឹះស្ថានសិក្សា ត្រូវរក្សាទុកលទ្ធផលសិក្សា និងអនុញ្ញាតឱ្យសិស្ស-និស្សិតចូលបន្តការសិក្សាវិញ។
ឱកាសអាទិភាព៖ ទទួលបានអាទិភាពក្នុងការរៀនជំនាញវិជ្ជាជីវៈនៅគ្រឹះស្ថានសាធារណៈ និងមានអាទិភាពក្នុងការជ្រើសរើសចូលជា «យោធិនអាជីព»។
៥. យន្តការគ្រប់គ្រង និងការអនុវត្ត
រាជរដ្ឋាភិបាលបង្កើត «គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា» ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានសមាសភាពពីក្រសួងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងការធ្វើជំរឿន ការចាប់ឆ្នោត ការពិនិត្យសំណើពន្យារពេល និងដោះស្រាយបណ្តឹងតវ៉ា ដោយមានការសម្របសម្រួលរហូតដល់ថ្នាក់រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ។
អនុក្រឹត្យថ្មីនេះ បានចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះតទៅ ដោយជំនួសអនុក្រឹត្យចាស់ឆ្នាំ២០០៩ ហើយកញ្ចប់ថវិកាប្រតិបត្តិការទាំងមូលនឹងត្រូវធានាដោយថវិកាជាតិ៕

