ជុំវិញបង្គោលភ្លើងសូឡាតម្លៃ ៨លានរៀលក្នុងមួយដើម នៅឃុំទឹកហូត ដែលបានបង្កើតជាការវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម បានរុញទៅដល់របត់ថ្មីមួយ បន្ទាប់ពីក្រសួងមហាផ្ទៃបញ្ជាក់ពីភាពមិនប្រក្រតី និងបញ្ជាឱ្យចាត់វិធានការលើមន្ត្រីពាក់ព័ន្ធ។

ផ្អែកតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាននៅមូលដ្ឋានបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវគ្រួសក្រហមមួយខ្សែនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានគម្លាតខុសគ្នាយ៉ាងខ្លាំងរវាងលទ្ធផលនៃការដេញថ្លៃដើមកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ និងទិន្នន័យដែលបានបិទផ្សាយនៅលើផ្ទាំងព័ត៌មានគម្រោងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ក្នុងដំណាក់កាលដេញថ្លៃដើម ក្រុមហ៊ុនសំណង់ ឡាយ ផល្លា បានឈ្នះការដេញថ្លៃលើគម្រោងផ្លូវប្រវែង ២ ០៤០ ម៉ែត្រ ក្នុងទំហំទឹកប្រាក់ ៦៦ ៩០០ ០១០ រៀល ដោយមានកិច្ចសន្យាបំពាក់អំពូលសូឡាចំនួន ៣ កន្លែង។ ប៉ុន្តែនៅលើផ្ទាំងព័ត៌មានបិទផ្សាយជាក់ស្ដែង ប្រវែងផ្លូវត្រូវបានកែប្រែទៅជា ៣ ០៩២ ម៉ែត្រ ចំណែកឯថវិកាសរុបបានកើនឡើងរហូតដល់ ១៨៤ ៩១៩ ៨០៥ រៀល (រួមមានមូលនិធិឃុំ និងភាគទានប្រជាពលរដ្ឋ) ហើយចំនួនអំពូលសូឡាបានកើនដល់ ១៥ ដើម។

បើតាមអ្នកសារព័ត៌មានមូលដ្ឋានបានលើកឡើង ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្ត និងសង្ស័យពីភាពមិនប្រក្រតី គឺស្ថិតនៅលើគម្លាតថវិកាជួសជុលផ្លូវបន្ថែម និងតម្លៃសូឡាកើនខ្ពស់។ ការបន្ថែមប្រវែងផ្លូវត្រឹមតែ ១ ០៥២ ម៉ែត្រ ប៉ុន្តែបានធ្វើឱ្យថវិការដ្ឋកើនឡើងរហូតដល់ជាង ១១៨ លានរៀលបន្ថែម (ពោលគឺ ពី ៦៦.៩ លាន ទៅ ១៨៤.៩ លានរៀល)។ ថវិកាដែលបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានអះអាងថា ចំណាយលើការបំពាក់បង្គោលភ្លើងសូឡាបន្ថែម ១២ ដើម (សរុប ១៥ ដើម) ដែលគណនាទៅឃើញថា បង្គោលសូឡាមួយដើមមានតម្លៃរហូតដល់ប្រមាណ ៨ លានរៀល (ប្រហែល ២ ពាន់ដុល្លារ)។ ទោះជាយ៉ាងណា ពលរដ្ឋបានរិះគន់ពីគុណភាពជាក់ស្ដែងថា បង្គោលសូឡាទាំងនោះមានទំហំតូច ស្ដើង ជើងទម្រមិនរឹងមាំ និងងាយរលំ។ តាមការលើកឡើងរបស់អ្នករកស៊ីដំឡើង និងបំពាក់សូឡា បានវាយតម្លៃផ្អែកលើរូបភាពថា តម្លៃទីផ្សារពិតប្រាកដប្រហែលត្រឹមតែ ១៥០ ទៅ ២០០ ដុល្លារប៉ុណ្ណោះក្នុងមួយដើម។

ជុំវិញការរិះគន់នេះ លោក ជ័យ ម៉ូត មេឃុំទឹកហូត និងតំណាងក្រុមហ៊ុនសំណង់ ឡាយ ផល្លា បានបកស្រាយស្រដៀងគ្នាថា តម្លៃបង្គោលសូឡា ៨ ០០០ ០០០ រៀល/ដើម គឺជាតម្លៃឯកតាដែលក្រុមហ៊ុនសំណង់បានដាក់ក្នុងឯកសារដេញថ្លៃ។ តម្លៃនេះមិនមែនជាតម្លៃដាច់ដោយឡែកៗទេ គឺតម្លៃរួមក្នុងគម្រោង ដោយក្រុមហ៊ុនបានបំបែកតម្លៃជា ៣ ផ្នែក រួមមានផ្លូវ និងលូដាក់តម្លៃទាបខ្លាំង ឯសូឡាដាក់តម្លៃខ្ពស់។ វិធីសាស្រ្តនេះធ្វើឱ្យមើលឃើញថា តម្លៃសរុបដេញថ្លៃរបស់ក្រុមហ៊ុនទាបជាងគេ រហូតឈ្នះការដេញថ្លៃជាផ្លូវការ។ ចំពោះការបន្ថែមផ្លូវដល់ ៣ ០៩២ ម៉ែត្រ និងសូឡា ១៥ ដើម គឺជា «កិច្ចសន្យាបន្តគម្រោង» របស់ក្រុមប្រឹក្សាឃុំ។ តាមច្បាប់បច្ចេកទេស ការគណនាថវិកាបន្ថែមត្រូវតែគុណតាមតម្លៃឯកតាដើមនៃកិច្ចសន្យាដេញថ្លៃ មិនអាចកែសម្រួល ឬបន្ថយតម្លៃសូឡាឱ្យទាបជាង ៨ លានរៀលបានឡើយ។ លោកមេឃុំបញ្ជាក់ថា ករណីនេះលោកបានរាយការណ៍ជូនមន្ត្រីជំនាញ និងថ្នាក់ដឹកនាំខេត្តដើម្បីពិនិត្យតាមនីតិវិធីរួចហើយ។

យ៉ាងណាមិញ បើយោងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (២០១៧) ក្រុមប្រឹក្សាឃុំ សង្កាត់អាចសម្រេចផ្លាស់ប្តូរចំនួនលទ្ធផលកិច្ចសន្យា បន្ទាប់ពីការដេញថ្លៃ និងមុនពេលចុះកិច្ចសន្យា ដោយសារមានករណី ២ ដែលអាចកើតឡើង គឺទីមួយ តម្លៃដេញថ្លៃដែលឈ្នះគឺខ្ពស់ជាងតម្លៃប៉ាន់ស្មាន (អាចសម្រេចកាត់បន្ថយចំនួនលទ្ធផលកិច្ចសន្យា) និងទីពីរ តម្លៃដេញថ្លៃដែលឈ្នះគឺទាបជាងតម្លៃប៉ាន់ស្មាន (អាចសម្រេចបន្ថែមចំនួនលទ្ធផលកិច្ចសន្យាដើម្បីប្រើប្រាស់ថវិកាដែលនៅសល់)។ ក្នុងករណីដែលក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបន្ថែមចំនួនលទ្ធផលកិច្ចសន្យា តម្លៃឯកតានៃលទ្ធផលនីមួយៗដែលបានបន្ថែមនោះ គឺត្រូវតែជាតម្លៃឯកតាដែលបានសរសេរនៅក្នុងសំណើដេញថ្លៃដែលឈ្នះ ហើយមិនអាចបន្ថែមលទ្ធផលប្រភេទថ្មីណាមួយបានឡើយ។

ប៉ុន្តែប្រសិនបើយើងពិនិត្យលើការបន្ថែមចំនួនលទ្ធផលកិច្ចសន្យាខាងលើ ឃើញថា គម្រោងដើមទំហំ ៦៦.៩ លានរៀល មានអំពូលភ្លើងសូឡា ៣ កន្លែង (ស្មើនឹង ២៤ លានរៀល) និងថវិកាសម្រាប់ផ្លូវចំនួន ៤២.៩ លានរៀល។ នៅពេលបន្ថែមគម្រោង ថវិកាកើនឡើង ១១៨ លានរៀលទៀត (នាំឱ្យថវិកាសរុបឡើងដល់ ១៨៤.៩ លានរៀល) ក្នុងនោះ ៩៦ លានរៀល ត្រូវបានចំណាយលើអំពូលភ្លើងសូឡា ១២ ដើមបន្ថែម និង ២២ លានរៀលទៀត សម្រាប់ចំណាយលើផ្លូវប្រវែង ១ ០៥២ ម៉ែត្របន្ថែម។ សរុបរួមទាំងគម្រោងដើម និងគម្រោងបន្ថែម ការចំណាយលើអំពូលភ្លើងសូឡាសរុប ១៥ ដើម មានចំនួនរហូតដល់ ១២០ លានរៀល ខណៈការចំណាយលើផ្លូវសរុបប្រវែង ៣ ០៩២ ម៉ែត្រ មានត្រឹមតែ ៦៤.៩ លានរៀលប៉ុណ្ណោះ។ ប្រសិនបើយើងបែងចែកបង្គោលភ្លើងសូឡា ១៥ ដើម សម្រាប់ផ្លូវប្រវែង ៣ ០៩២ ម៉ែត្រ គឺចន្លោះជាង ២០០ ម៉ែត្រមានបង្គោលភ្លើងមួយ។ ប៉ុន្តែសំណួរសួរថា រវាងអំពូលភ្លើង និងផ្លូវ តើមួយណាជាអាទិភាពពិតប្រាកដក្នុងគម្រោង? ព្រោះការចំណាយលើភ្លើងបំភ្លឺផ្លូវរហូតដល់ ១២០ លានរៀល នោះខ្ពស់ជាងការចំណាយលើការធ្វើផ្លូវទាំងមូលដែលមានត្រឹមតែ ៦៤.៩ លានរៀលទៅទៀត។

បើតាមអ្នកមានបទពិសោធន៍ក្នុងការងារម៉ៅការគម្រោងតាមភូមិឃុំ បានបញ្ជាក់ឱ្យដឹងថា គម្រោងផ្លូវលំក្រាលគ្រួសក្រហមជាមធ្យមត្រូវការចំណាយប្រមាណ ១៥ ០០០ ទៅ ២០ ០០០ ដុល្លារ ក្នុងមួយគីឡូម៉ែត្រសម្រាប់ផ្លូវដែលស្ថាបនាឡើងទាំងស្រុង, ២ ០០០ ទៅ ៤ ៥០០ ដុល្លារក្នុងមួយគីឡូម៉ែត្រ សម្រាប់ការជួសជុលផ្លូវកម្រិតស្រាល និង ៦ ០០០ ទៅក្រោម ១០ ០០០ ដុល្លារសម្រាប់ការជួសជុលផ្លូវកម្រិតមធ្យម ដោយតម្លៃអាចប្រែប្រួលទៅតាមស្ថានភាពកំហូចនៃផ្លូវ និងចម្ងាយផ្លូវដឹកជញ្ជូនគ្រួសជាដើម។ ករណីជាក់ស្ដែងមួយដែលគួរតែយកមកផ្ទៀងផ្ទាត់ គឺគម្រោងសាងសង់ផ្លូវគ្រួសក្រហមធម្មជាតិមួយខ្សែនៅឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត ដែលអាជ្ញាធរឃុំបានបញ្ជាក់ថានៅឆ្នាំ២០២៦ នេះ ឃុំទទួលបានគម្រោង ២ គឺផ្លូវបេតុង ១ ខ្សែ និងផ្លូវគ្រួសក្រហមធម្មជាតិ ១ ខ្សែ។ ផ្លូវគ្រួសក្រហមនៃគម្រោងនេះ មានប្រវែងជាង ២ ០០០ ម៉ែត្រ ទទឹង៦ម៉ែត្រ ចំណាយថវិកាប្រមាណជាង ១ រយលានរៀល (ប្រហែល ២៥ ០០០ ដុល្លារ) ហើយមិនមានហេដ្ឋារចនាសម្ព័ន្ធអម ដូចជាភ្លើងបំភ្លឺផ្លូវនោះទេ។ បើគិតក្នុងចំនួនគត់ ក្នុង ១ គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ៥០ លានរៀល (ប្រហែល ១២ ៥០០ ដុល្លារ) គឺស្ថិតនៅក្នុងស្ដង់ដារនៃការស្ថាបនាផ្លូវថ្មី។ ក្រឡេកទៅមើលគម្រោងជួសជុលផ្លូវនៅឃុំទឹកហូត បើគិតសរុបរួមនៃគម្រោងទាំងមូលមានតម្លៃប្រមាណ ១៨៤.៩ លានរៀល (ប្រហែល ៤៦ ២៣០ ដុល្លារ) ដូច្នេះ ១ គីឡូម៉ែត្រស្មើនឹងប្រហែល ១៥ ០០០ ដុល្លារ។ បើទោះបីតម្លៃស្ថិតក្នុងរង្វង់ស្ដង់ដារពិតមែន ប៉ុន្តែសំណួរសួរថា តើគម្រោងនោះជាការជួសជុល ឬជាការស្ថាបនាផ្លូវថ្មី ដែលចំណុចនេះតម្រូវឱ្យមានការផ្ទៀងផ្ទាត់ជាមួយនឹងផ្ទាំងព័ត៌មានរបស់ផ្លូវជាក់ស្តែង។

ដើមចមនៃបញ្ហា គឺបង្គោលភ្លើងបំភ្លឺផ្លូវសូឡាមួយដើមតម្លៃ ៨ លានរៀល (ជិត ២ ពាន់ដុល្លារ) ដែលនាំឱ្យមានការវែកញែកពេញលើបណ្ដាញសង្គម។ ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារទី១១ ខែសីហា ឆ្នាំ២០២៦ ថា លោកបានចាត់ឱ្យមន្រ្តីជំនាញចុះប្រមូលព័ត៌មាន និងស្រាវជ្រាវជាបន្ទាន់ ពាក់ព័ន្ធនឹងករណីបង្គោលភ្លើងសូឡា ១ ដើម មានតម្លៃរហូតដល់ ៨ លានរៀល ក្នុងឃុំទឹកហូតនេះ បន្ទាប់ពីមានការរិះគន់ព្រោងព្រាតនៅលើបណ្ដាញសង្គមចំពោះតម្លៃដែលថ្លៃខ្ពស់ហួសហេតុ។

នៅល្ងាចថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មានត្រយងបានស្នើសុំការបំភ្លឺពីអង្គភាពអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ (រសៀលថ្ងៃទី ១១ សីហា) ក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្រោយរកឃើញថា មានការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ នៅក្នុងឃុំចំនួន ៥ នៃខេត្តកំពង់ឆ្នាំង រួមទាំងឃុំទឹកហូត ក្នុងស្រុករលាប្អៀរផងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានចាត់បញ្ជូនក្រុមការងារជំនាញចុះពិនិត្យ និងស្រាវជ្រាវផ្ទាល់ ដោយបានរកឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរដ្ឋបាលឃុំសរុបចំនួន ៥ ក្នុងខេត្តកំពង់ឆ្នាំង។ ជុំវិញលទ្ធផលនេះ ក្រសួងមហាផ្ទៃ បានណែនាំទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើក្រុមមន្ត្រីទាំងឡាយណា ដែលបានគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងខុសពីគោលការណ៍ច្បាប់ និងនីតិវិធីកំណត់ ដោយត្រូវអនុវត្តវិធានការវិន័យ ឬទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ប៉ុន្មានម៉ោងក្រោយ នៅថ្ងៃទី ១២ សីហាដដែល លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគ និងលោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តកំពង់ឆ្នាំង ត្រូវបានទម្លាក់តំណែងមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្ត ដោយសារជាប់ពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំមិនត្រឹមត្រូវតាមនីតិវិធីច្បាប់។ ដីការបញ្ចប់មុខតំណែងមន្ត្រីរាជការ ដែលចេញដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ តម្រូវឱ្យនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត និងសាមីខ្លួនទាំង២នាក់ខាងលើ អនុវត្តដីកានេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Share.