បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ដោយសារព្រំប្រទល់នៅតំបន់មួយចំនួនពុំទាន់មានភាពច្បាស់លាស់ ដែលបង្កការលំបាកដល់ការគ្រប់គ្រងរដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់។



ការចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធចូលរួម។
ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ ធ្វើឡើងស្របតាមលិខិតបទដ្ឋានគតិយុត្ត និងឯកសារយោងពាក់ព័ន្ធ ព្រមទាំងផែនទីកំណត់ព្រំប្រទល់រដ្ឋបាលរបស់ខេត្តទាំងពីរ ដែលនៅតំបន់មួយចំនួនមិនទាន់មានភាពច្បាស់លាស់ក្នុងការកំណត់សមត្ថកិច្ចគ្រប់គ្រង។
ក្រោយក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងលេខ ៣៨៤១ និងលិខិតលេខ ១០០៤ (ស.ជ.ណ) ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី/ខេត្ត ស្រុក/ក្រុង និងឃុំ/សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានរៀបចំក្រុមការងារចុះសិក្សា ស្រាវជ្រាវ និងពិនិត្យទីតាំងជាក់ស្តែង។
ជាលទ្ធផល រដ្ឋបាលខេត្តទាំងពីរ បានឯកភាពគ្នាធ្វើការកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីឱ្យការគ្រប់គ្រងនៅមូលដ្ឋានមានភាពច្បាស់លាស់ និងងាយស្រួលក្នុងការរៀបចំផែនការ និងអនុវត្តការងាររដ្ឋបាលនាពេលខាងមុខ៕

