កំពង់ធំ៖ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ អាចប៉ះពាល់ដល់ទំនុកចិត្ត និងការយល់ឃើញរបស់សាធារណៈជន ព្រមទាំងអាចធ្វើឱ្យស្ថានភាពបរិស្ថានកាន់តែចុះខ្សោយ។


ការលើកឡើងនេះ ធ្វើឡើងក្នុងវគ្គសិក្ខាសាលាស្តីពី «ការសរសេរអត្ថបទព័ត៌មាន ការកំណត់ព័ត៌មានក្លែងក្លាយ និងការរៀបចំដំឡើងរូបភាព វីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងវិស័យបរិស្ថាន» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។
ឯកឧត្តម អ៊ាត សីលា បានបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល ដែលបច្ចេកវិទ្យាព័ត៌មានមានការរីកចម្រើន អ្នកផ្សព្វផ្សាយព័ត៌មានត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវសិក្សា និងស្វែងយល់ឱ្យបានស៊ីជម្រៅ ដើម្បីកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ និងជៀសវាងការទទួលយក ឬផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។
ឯកឧត្តមបានបន្តថា ការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់លាស់ពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធ អាចចូលរួមបង្កើនការយល់ដឹង និងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់ គម្របព្រៃឈើ និងបញ្ហាបរិស្ថានទូទៅ។
ក្នុងសិក្ខាសាលានេះ សិក្ខាកាមបានស្វែងយល់បន្ថែមអំពីការវិភាគ និងវាយតម្លៃខ្លឹមសារព័ត៌មាន ការកំណត់ព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្កើតក្រុមតេឡេក្រាមសម្រាប់តាមដានអត្ថបទព័ត៌មានផ្សេងៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីរកឃើញព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្ឃឹមថា វគ្គសិក្ខាសាលានេះនឹងផ្តល់ប្រយោជន៍ដល់សិក្ខាកាមទាំងផ្នែកបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវ៕
អត្ថបទ៖ ឈិត សំបូរ

