ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន៣២នាក់ ដែលពាក់ព័ន្ធបទល្មើសចំនួន៦ករណីផ្សេងគ្នា បន្ទាប់ពីកម្លាំងជំនាញបង្ក្រាបបានក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ក្នុងខែសីហា ឆ្នាំ២០២៦នេះ។

ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសពាក់ព័ន្ធ។ បន្ទាប់ពីបង្ក្រាបបាន ជនសង្ស័យទាំង៣២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

