តាកែវ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងនៅក្នុងមូលដ្ឋានភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពកាប់ប្លន់ស្ត្រីម្នាក់ យកទ្រព្យសម្បត្តិ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

តាមនគរបាលខេត្តតាកែវបានឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកទ្រព្យសម្បត្តិ លើស្ត្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅមុខវត្តចំប៉ា ស្ថិតនៅចំណុច ភូមិតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ហើយជនសង្ស័យរយ់គេចខ្លួន។
ក្រោយកើតហេតុកម្លាំងជំនាញស្រុក ធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ តាមចាប់ខ្លួនជនសង្ស័យ៣នាក់ សង្ងំលាក់ខ្លួននៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបន្តតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត លាក់ខ្លួននៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៤នាក់ បន្ទាប់ចាប់ខ្លួនបានបន្តបន្ទាប់ នគរបាលនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកបក្ខពួកបន្ដែមទៀត៕
អត្ថបទ៖តាតុងសែនជ័យ

