ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន៤នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។



ការបញ្ជូនជនសង្ស័យទៅតុលាការ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្រាវជ្រាវ និងកសាងសំណុំរឿងពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជនសង្ស័យទាំង៤នាក់ រួមមាន៖ WU TAIXIN អាយុ៣១ឆ្នាំ, HUANG HOUHUI អាយុ៣៥ឆ្នាំ, TIAN YAO អាយុ២៦ឆ្នាំ និង CHEN HOULEI អាយុ៣៦ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបញ្ជូនវត្ថុតាងពាក់ព័ន្ធ រួមមាន កុំព្យូទ័រយួរដៃចំនួន៨គ្រឿង ទូរសព្ទដៃចំនួន៨គ្រឿង លិខិតឆ្លងដែនចំនួន៣ច្បាប់ សៀវភៅការងារជនបរទេសចំនួន៦សន្លឹក អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន២សន្លឹក ប័ណ្ណបើកបរចិនចំនួន១សន្លឹក ប័ណ្ណប្រជាជនចិនខេត្តហ្វូជៀនចំនួន១សន្លឹក ប័ណ្ណចេញចូលហុងកុង-ម៉ាកាវចំនួន១សន្លឹក កាតធនាគារចំនួន១សន្លឹក និងបារីអេឡិចត្រូនិចមួយចំនួន។
ការបញ្ជូនសំណុំរឿង និងជនសង្ស័យនេះ ធ្វើឡើងនៅវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ពាក់ព័ន្ធនឹងទីតាំងបុរីឡឺសិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
អត្ថបទ៖ ចតុម្មុខ

