នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន ចាន់វីរ៉ាគុល បានឆ្លងកាត់ការត្រួតពិនិត្យនៅប៉ុស្តិ៍ត្រួតពិនិត្យមួយ ក្នុងខេត្តបុរីរ៉ាំ ខណៈអាជ្ញាធរថៃកំពុងរឹតបន្តឹងការត្រួតពិនិត្យអាវុធ និងគ្រឿងញៀននៅតាមតំបន់នានា។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា នៅស្រុកបានដាន់ ខេត្តបុរីរ៉ាំ ដោយមានការចូលរួមពីអាជ្ញាធររដ្ឋបាល និងសមត្ថកិច្ចនគរបាលថៃ។ ការត្រួតពិនិត្យមានគោលដៅស្វែងរកអាវុធ និងគ្រឿងញៀន ព្រមទាំងពង្រឹងសន្តិសុខនៅក្នុងសហគមន៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺលោក អនុទីន ដែលកំពុងបំពេញបេសកកម្មក្នុងតំបន់នោះ មិនត្រូវបានលើកលែងពីការត្រួតពិនិត្យឡើយ។ លោកបានឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ និងត្រូវបានមន្ត្រីពិនិត្យដូចប្រជាពលរដ្ឋទូទៅ។
ក្នុងអំឡុងពេលនោះ លោក អនុទីន បានសួរមន្ត្រីថា តើមានអ្វីត្រូវបានរកឃើញឬទេ។ មន្ត្រីបានឆ្លើយថា មិនមានអ្វីនៅលើលោកនាយករដ្ឋមន្ត្រីឡើយ។ បន្ទាប់មក លោកបានបញ្ជាក់ថា លោកចង់ដឹងពីលទ្ធផលនៃការត្រួតពិនិត្យនៅប៉ុស្តិ៍ផ្សេងៗជុំវិញតំបន់ ហើយមន្ត្រីបានរាយការណ៍ថា ក្រុមការងារបានរកឃើញគ្រឿងញៀនមួយចំនួន។

ការរឹតបន្តឹងការត្រួតពិនិត្យនេះ កើតឡើងនៅពេលប្រទេសថៃកំពុងព្យាយាមដោះស្រាយបញ្ហាអំពើហិង្សាដែលពាក់ព័ន្ធនឹងអាវុធ។ ក្នុងរយៈពេលកន្លងមក មានហេតុការណ៍បាញ់ប្រហារ និងការប្រើប្រាស់អាវុធជាច្រើនករណី ដែលបានបង្កការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ។

ជាមួយគ្នានេះ លោក អនុទីន បានដាក់ចេញវិធានការរឹតបន្តឹងការចូលដល់អាវុធ ដោយបញ្ជាឱ្យផ្អាកការចេញលិខិតអនុញ្ញាតទិញ និងកាន់កាប់អាវុធ រហូតដល់មានការសម្រេចបន្ថែមពីគណៈរដ្ឋមន្ត្រី។ លោកក៏បានណែនាំឱ្យក្រសួងមហាផ្ទៃបញ្ឈប់ការផ្តល់អាវុធជារង្វាន់ដល់មេឃុំ និងមេភូមិផងដែរ។
វិធានការទាំងនេះមានគោលបំណងកាត់បន្ថយការរីករាលដាល និងការទិញអាវុធក្នុងសង្គម ព្រមទាំងទប់ស្កាត់អំពើហិង្សា និងការប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីពង្រឹងសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃ៕

