យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា សោកនាដកម្មដែលបានកើតឡើងលើបុរសជាភ្ញៀវទេសចរជនជាតិបារាំងវ័យ ៥៥ ឆ្នាំ នៅឆ្នេរ Bang Tao ខេត្តភូកេត បានចោទជាសំនួរយ៉ាងរសើបនៅលើបណ្ដាញសង្គមអំពីកម្សោយ និងភាពអសមត្ថភាពនៃប្រព័ន្ធសុវត្ថិភាពទេសចរណ៍ និងក្រុមជួយសង្គ្រោះនៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសថៃ។

ប្រភពដដែលដែលបានដកស្រង់ការផ្សាយពីរបាយការណ៍ប៉ូលិសតំបន់បានបញ្ជាក់ថា ហេតុការណ៍លង់ទឹកនេះកើតឡើងនៅវេលាម៉ោង ៥:០០ ល្ងាច នៅតំបន់ឆ្នេរដែលពោរពេញដោយភ្ញៀវទេសចរ។ ប៉ុន្តែចុះហេតុអ្វីបានជាតំបន់ឆ្នេរទេសចរណ៍ល្បីឈ្មោះទាំងមូលប្រចាំតំបន់ បែរជាខ្វះខាតឆ្មាំឆ្នេរល្បាតជាប់លាប់ ឬខ្វះប្រព័ន្ធព្រមានគ្រោះថ្នាក់ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ភ្ញៀវមិនឱ្យចុះទឹកនៅតំបន់គ្រោះថ្នាក់ទៅវិញ?

ក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ទៀតថា ទម្រាំតែប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់ទៅដល់ និងស្រង់ជនរងគ្រោះឡើងមក ស្ថានភាពសុខភាពរបស់អ្នករងគ្រោះបានឈានដល់កម្រិតធ្ងន់ធ្ងរទៅហើយ។ ចំពោះការធ្វើ CPR និងការដឹកជញ្ជូនតាមក្រោយទៅមន្ទីរពេទ្យក៏ហាក់មានសភាពយឺតយ៉ាវ ឬហួសពេលជួយសង្គ្រោះទៅហើយដែរ ដែលជាហេតុធ្វើឱ្យជីវិតភ្ញៀវទេសចរជនជាតិបារាំងរូបនេះផុយស្រួលមួយរំពេច។

យ៉ាងណាមិញហេតុការណ៍នេះ ប៉ូលិសថៃបានបកស្រាយថា ការបាត់បង់ជីវិតភ្ញៀវទេសចរជនជាតិបារាំងរូបនេះ អាចបណ្ដាលមកពីកត្តាសុខភាព និងកត្តាធម្មជាតិ ច្រើនជាងការជួយអន្តរាគមន៍របស់អាជ្ញាធរតំបន់។ ប៉ូលិសថៃ ហាក់ដូចជាបានចាត់ទុកសុវត្ថិភាពភ្ញៀវទេសចរមកកម្សាន្តនៅលើឆ្នេរភូកេតកើតឡើងពីការធ្វេសប្រហែសដោយខ្លួនឯង។

សូមជម្រាបថា សោកនាដកម្មដដែលៗនៅភូកេត និងតំបន់ឆ្នេរដទៃទៀតក្នុងប្រទេសថៃ បានក្លាយជាការព្រមានដ៏ក្តៅគគុកដល់ភ្ញៀវទេសចរអន្តរជាតិ អំពីហានិភ័យខ្ពស់នៃការកម្សាន្តនៅតាមឆ្នេរសមុទ្ររបស់ថៃ ដែលខ្វះខាតស្ដង់ដារសុវត្ថិភាព និងភាពទន់ខ្សោយនៃប្រព័ន្ធឆ្លើយតបអាសន្នភ្លាមៗ។ បើថៃនៅតែបន្តធ្វើប្រហែស និងគ្មានវិធានការកែទម្រង់ពិតប្រាកដទេ ឧស្សាហកម្មទេសចរណ៍ដែលថៃតែងតែអួតអាងនោះ នឹងរងការខូចខាតឈ្មោះដោយសារតែភាពអសមត្ថភាពក្នុងការការពារជីវិតភ្ញៀវទេសចរតែម្ដង៕

Share.