យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា ប្រទេសថៃកំពុងតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរជាមួយនឹងវិបត្តិគ្រោះធម្មជាតិទន្ទឹមគ្នាចំនួនពីរ ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើន។

នៅក្នុងនោះ នៅក្នុងតំបន់ព្រៃលិចទឹក Khuan Kreng និងតំបន់ជួរភ្នំនៃខេត្ត Nakhon Si Thammarat កំពុងតែរងការគំរាមកំហែងដោយអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។ អគ្គនាយកនាយកដ្ឋានព្រៃឈើថៃ បានបញ្ជាឱ្យកងកម្លាំងពិសេស នៃក្រុមជំនាញពន្លត់ភ្លើងឆេះព្រៃ ចូលរួមជាមួយមន្ត្រីជំនាញចម្រុះ ចុះអន្តរាគមន៍ជាបន្ទាន់នៅចំណុចភូមិ Samet Ngam ក្នុងតំបន់ជម្រកសត្វព្រៃ Thale Noi។ ក្រុមជំនាញទាំងនោះបានកំពុងប្រញាប់ប្រញាល់បាញ់ទឹក និងធ្វើប្រឡាយទប់ស្កាត់អណ្តាតភ្លើង កុំឱ្យរាលដាលកាន់តែខ្លាំង ដោយសារតែកត្តាខ្យល់បក់បោកខ្លាំង និងអាកាសធាតុស្ងួតហួតហែង។

ទន្ទឹមនឹងនេះ ខណៈដែលតំបន់ភាគខាងត្បូងកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង នាយកដ្ឋានទប់ស្កាត់ និងបន្ធូរបន្ថយគ្រោះមហន្តរាយថៃ ក៏បានចេញសេចក្តីប្រកាសអាសន្នភ្លាមៗ ព្រមានដល់ខេត្តចំនួន ៣៩ នៅតំបន់ភាគខាងជើង ភាគឦសាន និងភាគកណ្តាល ឱ្យត្រៀមលក្ខណៈទប់ទល់នឹងជំនន់ទឹកភ្លៀងយ៉ាងគំហុក និងខ្យល់ព្យុះបក់បោកខ្លាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ នេះ។

ឥទ្ធិពលនៃរលកដែលបោកមកពីសមុទ្រអង់ដាម៉ាន នឹងបណ្តាលឱ្យមានភ្លៀងធ្លាក់រហូតដល់កម្រិតធ្ងន់ធ្ងរ បង្កជាទឹកជំនន់ភ្លាមៗ ទឹកព្រៃហូរជន់ជោរ បាក់ដី និងរលកសមុទ្រកម្ពស់រហូតដល់ ២ ទៅ ៣ ម៉ែត្រ នៅតំបន់ឆ្នេរភាគខាងត្បូងមួយចំនួនផងដែរ។

ការកើតឡើងទន្ទឹមគ្នានៃគ្រោះអគ្គិភ័យឆេះព្រៃនៅភាគខាងត្បូង និងគ្រោះទឹកជំនន់-ខ្យល់ព្យុះនៅតំបន់ភាគច្រើននៃប្រទេសនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីសម្ពាធយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយរបស់អាជ្ញាធរថៃ ដែលកំពុងតែប្រឈមមុខនឹងការគ្រប់គ្រងស្ថានការណ៍ដ៏ស្មុគស្មាញនេះ៕

Share.