ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះ។ ការបង្ហាញមុខជនសង្ស័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានអនុវត្តដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

តាមព័ត៌មានដែលសមត្ថកិច្ចបានបង្ហាញ ករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខក្លឹបស្លូឌីយូស៊ិច ផ្លូវព្រះសីហនុ កែងផ្លូវលេខ៥៥ ស្ថិតក្នុងភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នោះ ជនពាក់ព័ន្ធបានប្រើអំពើហិង្សាវាយ និងគប់គ្នាទៅវិញទៅមក ដោយប្រើមួកសុវត្ថិភាព និងខ្សែក្រវាត់ជាឧបករណ៍វាយប្រហារ។ ការប្រព្រឹត្តអំពើហិង្សានេះ ក៏បានបណ្តាលឱ្យមានការខូចខាតម៉ូតូចំនួន១គ្រឿងផងដែរ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនពាក់ព័ន្ធ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការសាកសួរ និងប្រមូលវត្ថុតាងពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជនសង្ស័យទាំង១៦នាក់ ត្រូវបាននាំមកបង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែសីហា មុននឹងបន្តនីតិវិធីតាមសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យទាំង១៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ជាមួយគ្នាសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសវាងការប្រើប្រាស់អំពើហិង្សា និងការប្រឈមមុខដាក់គ្នា ព្រោះអំពើហិង្សាមិនត្រឹមតែអាចបង្ករបួសស្នាម និងការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យអ្នកពាក់ព័ន្ធប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕

អត្ថបទ៖ចតុម្មុខ

Share.