ត្បូងឃ្មុំ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករចងក្រងគ្នាជាសហគមន៍កសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិតកម្ម កាត់បន្ថយថ្លៃដើម បង្កើនអំណាចចរចាជាមួយទីផ្សារ និងធានាភាពប្រាកដប្រជាក្នុងការលក់ផលិតផលកសិកម្ម។ ការជំរុញនេះ ត្រូវបានលើកឡើងក្នុងឱកាសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំប្រតិភូក្រសួង និងប្រតិភូអន្តរជាតិ ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មដំណាំពោត នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ស្ថិតនៅភូមិកំពង់ឬស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការចងក្រងកសិករជាសហគមន៍ គឺជាយន្តការសំខាន់មួយក្នុងការជួយឱ្យកសិករផលិតបានកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់ តាមរយៈការរួមគ្នា ដោយកសិករអាចទិញធាតុចូលកសិកម្មជារួម ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពចរចាជាមួយអ្នកទិញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃការរៀបចំផែនការផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ និងការធ្វើកិច្ចសន្យាលក់ផលិតផលទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងបង្កើនភាពប្រាកដប្រជាសម្រាប់កសិករ។ ជាក់ស្តែង សហគមន៍កសិកម្មជីរោទ៍រុងរឿង ដែលត្រូវបានចុះបញ្ជីទទួលស្គាល់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នមានសមាជិក៤០នាក់ ក្នុងនោះស្ត្រី១២នាក់ និងមានដើមទុនសរុប៤៦៤លាន៨សែនរៀល ដោយក្នុងនោះសមាជិកសហគមន៍បានប្រកបរបរដាំពោតក្រហម ស្រូវ បន្លែ និងចិញ្ចឹមសត្វ។

សម្រាប់ដំណាំពោតក្រហម សហគមន៍មានផ្ទៃដីដាំដុះចំនួន១៣១ហិកតា ដែលអាចផ្តល់ផលប្រមាណ២,៣៥៨តោនក្នុងមួយឆ្នាំ ហើយនៅក្នុងឆ្នាំ២០២៦ សហគមន៍បានប្រមូលទិញពោតក្រហមពីសមាជិកប្រមាណ៥០០តោន ដើម្បីសម្ងួត និងលក់បន្តទៅក្រុមហ៊ុនផលិតចំណីសត្វ និងអាជីវករប្រមូលទិញ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ពោតចំនួន៤លើក សរុប៦០០តោន ដែលបង្ហាញពីការរីកចម្រើននៃការភ្ជាប់ផលិតកម្មរបស់កសិករទៅនឹងទីផ្សារ។

ទទ្ទឹមគ្នាគ្នានេះដែរ ឯកឧត្តម ឌិត ទីណា និងប្រតិភូ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាលក់-ទិញពោតក្រហមចំនួន១០០តោន រវាងសហគមន៍កសិកម្មជីរោទ៍រុងរឿង និងក្រុមហ៊ុនផលិតចំណីសត្វ។ តាមរយៈកិច្ចសន្យាទិញ-លក់នេះ កសិករមានភាពកក់ក្តៅជាងមុនក្នុងការរៀបចំផែនការផលិតកម្ម ព្រោះមានទីផ្សារទទួលទិញច្បាស់លាស់ ខណៈអ្នកទិញក៏អាចទទួលបានវត្ថុធាតុដើមដែលមានប្រភព និងបរិមាណច្បាស់លាស់ផងដែរ។
ក្រសួងកសិកម្មបានបញ្ជាក់ថា ការស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម គឺមិនផ្តោតត្រឹមតែការដាំដុះនោះទេ ប៉ុន្តែរួមមានការរៀបចំដី ការជ្រើសរើសពូជ ការថែទាំ ការប្រមូលផល ការកែច្នៃ ការរក្សាទុក និងការស្វែងរកទីផ្សារ។ ដូច្នេះ ការរួមគ្នាជាសហគមន៍ត្រូវបានចាត់ទុកថា ជាមធ្យោបាយមួយដែលអាចជួយឱ្យកសិករមានកម្លាំងរួម និងអាចប្រកួតប្រជែងបានកាន់តែប្រសើរនៅក្នុងទីផ្សារ។


ជាមួយគ្នានេះ ក្រសួងក៏បានលើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកដាំដុះ» ទៅជាសហគ្រិនកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា គ្រឿងយន្តកសិកម្ម ការរៀបចំផែនការផលិតកម្ម និងការស្វែងរកទីផ្សារឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រាក់ចំណេញពីការប្រកបរបរកសិកម្ម។សកម្មភាពនេះក៏ស្របតាមទិសដៅក្នុងការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ដោយភ្ជាប់កសិករ សហគមន៍ អ្នកប្រមូលទិញ និងក្រុមហ៊ុនកែច្នៃឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យផលិតកម្មកសិកម្មមានទីផ្សារ មានតម្លៃ និងមាននិរន្តរភាព៕
អត្ថបទ៖ អាចារ្យលាក់

