ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសចំណាស់ម្នាក់បានសម្រេច រត់គេចមិនរួចត្រូវបានកងសន្តិសុខយាមផ្សារ យាមបុរី ដេញតាមចាប់ក្របួចជាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-3565 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ នៅក្បែរផ្សារក្នុងបុរីឈូកវ៉ា២ បានសម្រេចហើយ ព្យាយាមជិះរត់គេច ត្រូវបានជនរងគ្រោះស្រែកឆោរឡោ ផ្អើលសន្តិសុខយាមផ្សារ យាមបុរី ដេញតាមនិងទាញបារ៉ាស់បិទឃាំងផ្លូវ ធ្វើឱ្យជនសង្ស័យជិះបុកដួល ចាប់បាន២នាក់។
ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបានប្រជាពលរដ្ឋស្វាគមន៍ មួយដៃ មួយជើង រួចប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

