ត្បូងឃ្មុំ៖ វត្ថុតាងបារីក្លែងក្លាយជាង ៦០ម៉ាក រួមមាន Marlboro, ESSE, MEVIUS, 555 បារីចិន និងម៉ាកបរទេសជាច្រើនទៀត ព្រមទាំងសំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយ សរុបប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោលនៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងនៅទីតាំងដីឡូត៍ឋានសួគ៌ថ្មី ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីសមត្ថកិច្ច ស្ថាប័នអយ្យការ តុលាការ និងតំណាងស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ។

វត្ថុតាងទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងរោងចក្រផលិតចំនួន៦កន្លែង និងឃ្លាំងស្តុកចំនួន១កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធី ឯកឧត្តម លី សុផាន់ណា បានបញ្ជាក់ថា ការដុតបំផ្លាញវត្ថុតាងទាំងនេះ គឺជាវិធានការសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ និងការចរាចរផលិតផលក្លែងក្លាយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ និងចំណូលពន្ធរដ្ឋ ព្រមទាំងរួមចំណែកកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។វត្ថុតាងទាំងអស់ត្រូវបានដុតកម្ទេចនៅនឹងកន្លែង ស្របតាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីធានាថាផលិតផល និងសម្ភារខុសច្បាប់ទាំងនេះ មិនអាចត្រូវបានយកទៅចរាចរចូលទីផ្សារជាថ្មីបានឡើយ។

អាជ្ញាធរបញ្ជាក់ថា ការបង្ក្រាបការផលិត និងចរាចរបារីក្លែងក្លាយ នឹងបន្តអនុវត្តជាបន្តបន្ទាប់ ដោយមានការសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕

អត្ថបទ÷ចតុម្មុខ

Share.