ក្នុងបរិបទដែលទំនាក់ទំនងរវាងកម្ពុជា និងចិន បន្តរីកចម្រើនយ៉ាងស៊ីជម្រៅ ភាគីទាំងពីរបានសង្កត់ធ្ងន់ជាថ្មីអំពីគោលការណ៍គ្រឹះនៃកិច្ចសហប្រតិបត្តិការការទូត ដោយផ្តោតលើការគោរព និងគាំទ្រជម្រើសមាគ៌ាអភិវឌ្ឍន៍ផ្ទៃក្នុងស្របតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសនីមួយៗ ដើម្បីឈានទៅសម្រេចបាននូវការស្ដារឡើងវិញនៃប្រជាជាតិទាំងពីរ។

ការគូសបញ្ជាក់បែបនេះ ត្រូវធ្វើឡើងដោយឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុង សិក្ខាសាលាអន្តរជាតិស្តីពី «គំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» ដើម្បីផ្លាស់ប្តូរបទពិសោធលើការងារអភិបាលកិច្ច និងការធ្វើទំនើបកម្ម សំដៅផ្តល់ជាធាតុចូលដ៏មានតម្លៃក្នុងការជួយកម្ពុជាដោះស្រាយបញ្ហាប្រឈម និងរុញច្រានការអភិវឌ្ឍប្រកបដោយគុណភាព។

ឯកឧត្តម វ៉ាង វិនប៊ីន បានគូសបញ្ចាក់ថា ចិននិងកម្ពុជា សុទ្ធតែបានប្តេជ្ញាចិត្តក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។ តាមរយៈការស្វែងរក និងការអនុវត្តជាក់ស្តែងជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានដើរដោយជោគជ័យលើ មាគ៌ាទំនើបកម្មតាមបែបផែនចិន ព្រមទាំងបានផ្តល់នូវជម្រើសថ្មីសម្រាប់បណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវទំនើបកម្ម។

ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជារូបនេះ បានកត់សម្គាល់ថា ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជាទូទៅ ហើយកំណើនសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅតំបន់អាស៊ាន ព្រមទាំងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។ ភាគីចិនមានបំណងធ្វើការជាមួយភាគីកម្ពុជា ក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីរួមដៃគ្នាសម្រេចឱ្យបាននូវការស្ដារឡើងវិញនៃប្រជាជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ថា សិក្ខាសាលានេះមិនត្រឹមតែលើកឡើងពីប្រធានបទសំខាន់ៗ និងបទពិសោធរបស់ចិនក្នុងការលើកកម្ពស់សុខភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឲ្យឃើញពីទំហំមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមក។

‎​ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្លាំងពិតប្រាកដនៃមិត្តភាពកម្ពុជា-ចិន គឺស្ថិតនៅលើអ្វីដែលប្រទេសទាំងពីរកសាងជាមួយគ្នាបន្តទៅមុខទៀត។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ ភាពជាដៃគូកម្ពុជា-ចិន ត្រូវតែវិវត្តន៍ទៅជាភាពជាដៃគូដ៏រឹងមាំសម្រាប់ចំណេះដឹង នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

Share.