បាត់ដំបង៖ សមត្ថកិច្ចជំនាញខេត្តបាត់ដំបង បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ ទម្ងន់សរុប៣១៦.៤២ក្រាម រួមជាមួយវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៣:៤០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយកម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៨កញ្ចប់ ទម្ងន់៣១៦.៤២ក្រាម គិតទាំងសំបក ព្រមទាំងស្គុតខ្មៅសម្រាប់រុំគ្រឿងញៀន៨ដុំ និងកំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនមួយ។

ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតប្រាក់ដុល្លារ២៤០ដុល្លារ ប្រាក់រៀល៣,៤៨៥,០០០រៀល រថយន្តមួយគ្រឿង ម៉ូតូ២គ្រឿង គ្រឿងអលង្ការមួយចំនួន បាយក្តាំង២កញ្ចប់ និងទូរស័ព្ទដៃ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅការិយាល័យជំនាញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុម្មុខ

Share.