វិបត្តិគ្រឿងញៀននៅក្នុងប្រទេសថៃបាននិងកំពុងហក់ឡើងដល់កម្រិតអាសន្ន និងបាត់បង់ការគ្រប់គ្រងយ៉ាងធ្ងន់ធ្ងរ រហូតរាលដាលចូលដល់ទីកន្លែងគោរពសក្ការៈរបស់ពុទ្ធសាសនិក ដោយថ្មីៗនេះ អាជ្ញាធរបានលាតត្រដាងពីករណីព្រះសង្ឃ និងសាមណេរជាច្រើនអង្គធ្លាក់ខ្លួនប្រើប្រាស់សារធាតុញៀនជាបន្តបន្ទាប់។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) ខេត្តជុំផន សហការជាមួយអាជ្ញាធរខេត្ត និងនគរបាលមូលដ្ឋាន បានបើកប្រតិបត្តិការ ចុះឆែកឆេរវត្តមួយកន្លែងក្នុងស្រុក Tha Sae ភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍ និងការប្តឹងតវ៉ាពីប្រជាពលរដ្ឋ។ តាមរយៈការធ្វើតេស្តស្វែងរកសារធាតុញៀនលើព្រះសង្ឃ ៩អង្គ និងសាមណេរ ១អង្គ សមត្ថកិច្ចបានរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន លើព្រះសង្ឃអាយុ ៥០ឆ្នាំ, ៣០ឆ្នាំ និងសាមណេរអាយុ ១៩ឆ្នាំ។ ភ្លាមៗនោះ ព្រះសង្ឃ និងសាមណេរទាំង ៣អង្គ ត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ និងបញ្ជូនទៅមណ្ឌលសុខភាពដើម្បីស្តារនីតិសម្បទា ដោយពុំទាន់មានការបញ្ជាក់ពីការចោទប្រកាន់ខាងផ្លូវច្បាប់នៅឡើយទេ។

ព្រឹត្តិការណ៍ដ៏អាស្រូវនេះមិនមែនជាករណីដំបូងឡើយ! កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ អាជ្ញាធរខេត្តរាជបុរីក៏បានរកឃើញព្រះសង្ឃរហូតដល់ ១០អង្គ នៅក្នុងស្រុក Mueang មានសារធាតុញៀនក្នុងខ្លួន និងត្រូវបានបញ្ជាឱ្យចាកសិក្ខាបទដូចគ្នា។ អ្វីដែលកាន់តែហួសចិត្តនោះគឺ សមត្ថកិច្ចបានឱ្យព្រះសង្ឃមួយអង្គបន្លំធ្វើជាអ្នកបញ្ជាទិញថ្នាំញៀន រហូតឈានដល់ការចាប់ខ្លួនមុខសញ្ញាចែកចាយ ដែលជា «អតីតមន្ត្រីពន្ធនាគារ»។ ការដែលអតីតមន្ត្រីអនុវត្តច្បាប់រូបនេះ លាលែងពីការងារមកធ្វើជាមេខ្យល់ជួញដូរថ្នាំញៀនឱ្យព្រះសង្ឃតាមវត្តអារាម ហើយថែមទាំងប្រើប្រាស់ កុមារជាឧបករណ៍ក្នុងការដឹកជញ្ជូនថ្នាំញៀនទៀតនោះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធូររលុង ប្រព័ន្ធយុត្តិធម៌ដ៏ទន់ខ្សោយ និងចន្លោះប្រហោងយ៉ាងធំធេងនៃការអនុវត្តច្បាប់របស់អាជ្ញាធរថៃ។

វិបត្តិគ្រឿងញៀនដែលកើតឡើងនៅតាមបណ្ដាខេត្តនានារបស់ថៃ គឺជាភស្តុតាងជាក់ស្តែងដែលស្តែងឱ្យឃើញថា ប្រទេសថៃបានធ្លាក់ចូលទៅក្នុងវិបត្តិគ្រឿងញៀនយ៉ាងជ្រៅ រកច្រកចេញមិនទាន់ឃើញ។ សារធាតុញៀនមិនត្រឹមតែបំផ្លាញអនាគតកុមារ និងយុវជននៅក្នុងសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែបានជ្រៀតជ្រែកចូលទៅបំផ្លាញដល់ទីវត្តអារាម ដែលជាទីតាំងសមាទានសីល និងជាកន្លែងអប់រំផ្លូវចិត្តរបស់ប្រជាជន។ នៅពេលដែលព្រះសង្ឃជាទីគោរពសក្ការៈធ្លាក់ខ្លួនជាអ្នកញៀនថ្នាំ វាមិនត្រឹមតែបង្ហាញពីការដួលរលំនៃសីលធម៌សង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតម្លៃថ្នាំញៀនដ៏ថោក និងការងាយស្រួលក្នុងការស្វែងរកទិញនៅក្នុងស្រុកថៃ រហូតធ្វើឱ្យទីសក្ការបូជាប្រែជាកន្លែងស្នាក់នៅរបស់អ្នកញៀនថ្នាំទៅវិញ៕

ប្រភព៖ The Thaiger

Share.