ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមាន អ្នកគ្រប់គ្រងជាជនបរទេស ប្រសិនបើប្រព្រឹត្តអាកប្បកិរិយា និងប្រើពាក្យសម្តីមិនសមរម្យចំពោះកម្មករនិយោជិតខ្មែរ ជាលើកទី២ នឹងប្រឈមការដកហូតបណ្ណការងារ និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានចាត់វិធានការលើអ្នកគ្រប់គ្រងជាជនបរទេសចំនួន២រូប ដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះកម្មករនិយោជិតខ្មែរ នៅរោងចក្រចំនួន២ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ការចាត់វិធានការនេះ បានធ្វើឡើងក្រោយពីក្រសួងទទួលបានបណ្តឹងពីបងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់លើរូបភាព និងសំឡេងពីកាមេរ៉ាសុវត្ថិភាព ព្រមទាំងស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជន។

អ្នកគ្រប់គ្រងជនបរទេសម្នាក់ ស្ថិតនៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកចឹរឹង ឯ.ក ក្នុងខេត្តកណ្តាល និងម្នាក់ទៀត ស្ថិតនៅរោងចក្រ មីង យ៉ាង អ៊ុនជាស្រី (ខេមបូឌា) ឯ.ក ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងតម្រូវឱ្យធ្វើការសុំទោសជាសាធារណៈ នៅចំពោះមុខកម្មករនិយោជិត។

ក្រៅពីការសុំទោស អ្នកគ្រប់គ្រងជនបរទេសទាំង២រូប ក៏ត្រូវធ្វើកិច្ចសន្យាថា នឹងឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរ តទៅទៀត។

ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមានករណីបែបនេះកើតឡើងជាលើកទី២ នាពេលខាងមុខ ជនបរទេសដែលប្រព្រឹត្តនឹងប្រឈមការដកហូតបណ្ណការងារ និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ វិធានការនេះក៏ជាការរំលឹកដល់អ្នកគ្រប់គ្រងជនបរទេសឱ្យប្រុងប្រយ័ត្នចំពោះការប្រព្រឹត្តរបស់ខ្លួននៅកន្លែងការងារ។

តាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ការចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីក្រសួងពិនិត្យមើលឃើញនូវការប្រព្រឹត្តរបស់អ្នកគ្រប់គ្រង មេកា ប្រធានផ្នែក អ្នកបកប្រែ បានប្រើប្រាស់ភាសាមិនសមរម្យ និង អាកប្បកិរិយាមិនគប្បីចំពោះកម្មករ-និយោជិត។

លោក បន្តថា ក្រសួងស្វាគមន៍ និង លើកទឹកចិត្តដល់វិនិយោគិន អ្នកគ្រប់គ្រង និង អ្នកជំនាញបរទេសដែលមកធ្វើការ និង ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែគ្រប់គ្នាត្រូវគោរពច្បាប់ សុជីវធម៌ វប្បធម៌ខ្មែរ និងជាពិសេសត្រូវគោរពសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករ-និយោជិតខ្មែរ។ កន្លែងការងារ ត្រូវជាកន្លែងដែលមានការគោរពគ្នាទៅវិញទៅមក មិនមែនជាកន្លែងសម្រាប់ការប្រើពាក្យសម្តី ឬ អាកប្បកិរិយាប្រមាថមើលងាយនោះទេ ដើម្បីកសាងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ តាមការចង្អុលបង្ហាញរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល និង តាមអ្វីដែលលោករដ្ឋមន្ត្រីប្រកាន់ខ្ជាប់។

ជាមួយគ្នានេះ ក្រសួងការងារ បានរំលឹកដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជាពិសេសជនបរទេស ត្រូវគោរពសុជីវធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ព្រមទាំងចៀសវាងជាដាច់ខាតការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ។

ក្រសួងក៏បានបញ្ជាក់ថា ក្នុងករណីរកឃើញ ឬទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន។ សម្រាប់កម្មករនិយោជិតដែលបានឃើញ ឬរងនូវអំពើមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវនៅកន្លែងការងារ អាចជូនដំណឹងទៅអធិការការងារ តាមរយៈប្រអប់បណ្តឹងអនាមិករបស់ក្រសួង ឬប្រព័ន្ធ Hotline លេខ ១២៨៦

Share.