បន្ទាប់ពីការធ្វើសកម្មភាពឈ្លានពាន និងការប៉ះទង្គិចយោធានៅតាមព្រំដែនជាមួយប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចេញមុខទទួលស្គាល់នូវវិបត្តិ និងមេរៀនបច្ចេកទេសដ៏ជូរចត់ចំពោះខឿនការពារជាតិរបស់ខ្លួន ដោយបញ្ជាក់ថា តម្លៃសព្វាវុធ និងឧបករណ៍យោធាបានហក់ឡើងថ្លៃរហូតដល់ទៅ ៣០ភាគរយ នៅក្នុងអំឡុងពេលប្រយុទ្ធគ្នានោះ។ កត្តានេះបានបណ្តាលឱ្យថៃប្រឈមមុខនឹងសម្ពាធថវិកាការពារជាតិយ៉ាងធ្ងន់ធ្ងរ និងបានបណ្តេលឱ្យរដ្ឋាភិបាលក្រុងបាងកក ប្រញាប់ប្រញាល់ជំរុញផែនការផលិតអាវុធ និងបច្ចេកវិទ្យាសឹកទំនើបៗដោយខ្លួនឯង ដើម្បីទប់ទល់នឹងស្ថានភាពមិនប្រាកដប្រជានៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ pptvhd36។

នៅក្នុងពិធីបើកវេទិកាកិច្ចសន្ទនាសន្តិសុខថៃ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការការពារប្រទេស និងសន្តិសុខក្នុងយុគសម័យនៃភាពមិនប្រាកដប្រជា» ឧត្តមសេនីយ៍ទោ អាឌុល ប៊ុនថាំចារើន (Adul Boonthamjarern) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងសង្កត់ធ្ងន់យ៉ាងច្បាស់ៗអំពីបញ្ហាប្រឈមដែលយោធាថៃបានជួបប្រទះក្នុងពេលមានជម្លោះជាមួយកម្ពុជា។ លោកបានទម្លាយថា មេរៀនជាក់ស្តែងពីការវាយប្រយុទ្ធគ្នាកន្លងមកបានបង្ហាញឱ្យឃើញថា សូម្បីតែប្រទេសមានថវិការៀបចំទិញអាវុធ ក៏មិនប្រាកដជាអាចទិញបានភ្លាមៗតាមតម្រូវការនោះដែរ ឬប្រសិនបើអាចទិញបាន ក៏ត្រូវទិញក្នុងតម្លៃបូកបន្ថែមរហូតដល់ ៣០% ដែលជាបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរសម្រាប់ជាតិ។

ផ្អែកលើការខាតបង់ និងបញ្ហាប្រឈមដែលកើតចេញពីការប៉ះទង្គិចគ្នាជាមួយកម្ពុជានេះ លោករដ្ឋមន្ត្រីការពារជាតិថៃបានជំរុញឱ្យប្រទេសថៃផ្លាស់ប្តូរយុទ្ធសាស្ត្រយោធា ដោយខិតខំផលិតសព្វាវុធ និងឧបករណ៍ចាំបាច់ដោយខ្លួនឯងជាប្រញាប់ ជាជាងការពឹងផ្អែកទាំងស្រុងលើការនាំចូលពីបរទេស។ លោកបានសង្កត់ធ្ងន់លើការបង្កើត និងផលិតបច្ចេកវិទ្យាសឹកទំនើបៗ ជាពិសេសប្រព័ន្ធដ្រូន (Drone) បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ការពារសន្តិសុខ ដែលជាកត្តាកំណត់ជ័យជម្នះក្នុងសង្គ្រាមសម័យទំនើប។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបានបន្ថែមទៀតថា សង្គ្រាម ឬជម្លោះប្រដាប់អាវុធនាពេលបច្ចុប្បន្ន មិនមែនវាស់វែងតែលើទំហំនៃកងទ័ពនោះទេ ប៉ុន្តែវាអាស្រ័យលើសមត្ថភាពនៃការបត់បែនបានរហ័ស ប្រព័ន្ធការពារជាតិដ៏រឹងមាំ និងការកសាងទំនុកចិត្តពីប្រជាជន។ លោកបានកត់សម្គាល់ថា ការគំរាមកំហែងនាពេលបច្ចុប្បន្ន មានភាពចម្រុះនិងរៀបចំឡើងក្នុងទម្រង់សង្គ្រាមពហុមុំ ទាំងខាងផ្នែកសាយប័រ (Cyber) ព័ត៌មានវិទ្យុ វិបត្តិថាមពល និងបច្ចេកវិទ្យា ដែលទាមទារឱ្យមានការរៀបចំខ្លួនជាស្រេចមុនពេលវិបត្តិកើតឡើង។

ដូច្នេះហើយការចេញមុខសារភាព និងបង្ហាញពីផែនការបង្កើនការផលិតអាវុធពីសំណាក់ប្រមុខការពារជាតិថៃនាពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាលទ្ធផលផ្ទាល់ដែលកើតចេញពីការវាយតម្លៃឡើងវិញនូវចំណុចខ្សោយរបស់កងទ័ពថៃ បន្ទាប់ពីបានបើកការឈ្លានពានមកលើកម្ពុជា។ វាក៏ជាសញ្ញាបង្ហាញថា ថៃកំពុងប្រញាប់ប្រញាល់ពង្រឹងសមត្ថភាពយោធាក្នុងស្រុករបស់ខ្លួន ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងផលវិបាកផ្នែកសន្តិសុខ និងសេដ្ឋកិច្ចដែលកំពុងបន្តជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសខ្លួនផ្ទាល់៕

Share.