មើលលើការចេញផ្សាយរបស់សារព័ត៌មានថៃ នាពេលថ្មីៗនេះបានឱ្យដឹងថា ការចេញមុខអះអាងរបស់ប្រមុខមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា (JIC) ដែលអះអាងថា ប្រទេសថៃមិនបានធ្វើខ្លួនជា «ប៉ូលិសអាស៊ាន» ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះ ត្រូវបានគេមើលឃើញថា ជាការព្យាយាមគេចវេះ និងបង្វែរដានពីទង្វើឈ្លានពានអធិបតេយ្យភាពដែនដីកម្ពុជាយ៉ាងពិតប្រាកដ។

ថ្វីត្បិតតែមន្ត្រីជាន់ខ្ពស់យោធាថៃរូបនេះ បានព្យាយាមបែងចែកយ៉ាងដាច់ស្រឡះរវាង «បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam)» និង «បញ្ហាអធិបតេយ្យភាពព្រំដែន» ក៏ដោយ ប៉ុន្តែចំណុចសំខាន់ដែលភាគីថៃមិនដែលព្រមឆ្លើយតបដោយភាពស្មោះត្រង់នោះគឺ តើថៃហ៊ានទទួលស្គាល់ដែរឬទេថា កងទ័ពខ្លួនបានរំលោភបំពានសន្ធិសញ្ញា និងឈ្លានដែនអធិបតេយ្យភាពកម្ពុជា?

លោកឧត្តមសេនីយ៍ឯក ប្រាផាស សនជៃឌី (Prapas Sornjaidee) អគ្គនាយករងកងទ័ពអាកាស និងជាប្រធាន JIC បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ប្រទេសថៃមិនដែលប្រកាសខ្លួនជាប៉ូលិសប្រចាំតំបន់ ហើយបានគោរពអធិបតេយ្យភាពរបស់រដ្ឋសមាជិកទាំងអស់។ លោកបានសង្កត់ធ្ងន់ថា បទល្មើសសាយប័រ និងការជួញដូរមនុស្ស គឺជាបទល្មើសឆ្លងដែនដែលប៉ះពាល់ដល់ពលរដ្ឋទូទាំងពិភពលោក ដូច្នេះមិនអាចរាប់បញ្ចូលជា «កិច្ចការផ្ទៃក្នុង» របស់ប្រទេសណាមួយបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងអំពីយន្តការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ហាក់បីដូចជាការយកលេសបិទបាំងនូវចេតនាឈ្លានពានរបស់យោធាខ្លួនច្រើនជាង ដែលថៃប្រើប្រាស់កម្លាំងទ័ពចូលទន្ទ្រានព្រំដែនកម្ពុជាដោយខុសច្បាប់។

ប្រសិនបើភាគីថៃពិតជាចង់ឱ្យមានការបែងចែកដាច់ដោយឡែករវាង «បញ្ហា Scam» និង «បញ្ហាព្រំដែន» ដូចដែលលោក ប្រាផាស បានលើកឡើងមែននោះ ហេតុអ្វីបានជាថៃតែងតែប្រើប្រាស់លេសនៃការបង្ក្រាបបទល្មើសឆ្លងដែន ដើម្បីធ្វើជាយុទ្ធសាស្ត្រក្នុងការចល័តទ័ពចូលមករំលោភលើទឹកដីកម្ពុជា?

ចុះពាក្យដែលលោកពោលថា «កុំយកបទល្មើសមកបាំងមុខរឿងព្រំដែន ហើយក៏កុំយកព្រំដែនធ្វើជាខែលការពារបទល្មើស» ចោទមកលើកម្ពុជានោះ តើសមហេតុផលដែលឬទេ? ព្រោះថាផ្ទុយស្រឡះពីសកម្មភាពជាក់ស្តែងនៅលើដី ដែលយោធា​ថៃ​អួតអាង​ថា ខ្លួនជាអ្នកបង្ក្រាបស្កេម ជាអ្នកការពារសន្តិសុខតំបន់ ធ្វើជាលេសបំពានលើកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់។

លើសពីនេះ ទង្វើរបស់យោធាថៃបានស្ដែងឱ្យឃើញថា ប្រទេសថៃគឺជាអ្នកបំផ្លាញសុខដុមរមនាអាស៊ាន ព្រោះថៃគឺជាប្រទេសដំបូងគេនៅក្នុងសហគមន៍អាស៊ានដែលលើកទ័ពចូលឈ្លានពានប្រទេសជាសមាជិកអាស៊ានដូចគ្នា។ ហើយ ថៃគឺជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ មិនញញើតធម្មនុញ្ញអាស៊ាន មិនផ្តល់តម្លៃចំពោះអនុសញ្ញា សន្ធិសញ្ញាអន្តរជាតិដែលខ្លួនបានចុះហត្ថលេខានិងយល់ព្រម។ មិនតែប៉ុណ្ណោះប្រទេសថៃមួយនេះ ក៏ជាអ្នកបំផ្លាញមុខមាត់អាស៊ានផងដែរ។

ច្បាស់ណាស់ហើយ ការថ្លែងសាររបស់ប្រមុខព័ត៌មានយោធាថៃនាពេលនេះ បើថៃចង់បង្ហាញភាពស្មោះត្រង់ និងមិនមែនជា «ប៉ូលិសអាស៊ាន» ដែលធ្វើអ្វីៗតាមអំពើចិត្តមែននោះ ថៃត្រូវតែដកកងទ័ពចេញពីតំបន់អធិបតេយ្យភាពរបស់កម្ពុជាជាប្រញាប់ ហើយត្រឡប់មកប្រើប្រាស់យន្តការព្រំដែនទ្វេភាគីដែលផ្អែកលើច្បាប់អន្តរជាតិ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ដោយមិនត្រូវយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមកធ្វើជាលេសបិទបាំងទង្វើឈ្លានពានរបស់ខ្លួនទៀតឡើយ៕

Share.