ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីកាតព្វកិច្ច និងអត្ថន័យពិតប្រាកដនៃតំណែង «ប្រេសិតពិសេស» របស់កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ព្រមទាំងបានសង្កត់ធ្ងន់លើទស្សនទាននៃសីលធម៌នយោបាយ និងស្មារតីបង្រួបបង្រួមជាតិ ដោយបានអំពាវនាវឱ្យអ្នកនយោបាយប្រកាន់យកការសន្ទនាដោយថ្លៃថ្នូរ និងតម្កល់ផលប្រយោជន៍ជាតិជាធំ នៅក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

នៅក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា ការតែងតាំងតួនាទីជាប្រេសិតពិសេសដល់ កញ្ញា កឹម មនោវិទ្យានេះ មិនមែនជាការផ្តល់តំណែងជារដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលនោះឡើយ ប៉ុន្តែជាការប្រគល់បេសកកម្មផ្លូវការមួយដើម្បីឱ្យមានទម្ងន់ផ្លូវការក្នុងការទំនាក់ទំនងជាមួយភាគីបរទេស។ សម្តេចបានបន្ថែមថា តួនាទីនេះផ្តោតជាសំខាន់លើកិច្ចការទំនាក់ទំនងអន្តរជាតិ ការទាក់ទាញការវិនិយោគទុនបរទេស និងការរួមចំណែកដោះស្រាយបញ្ហាព្រំដែន ដោយការយកទំនាក់ទំនង និងបទពិសោធន៍ដែលមានស្រាប់មកបម្រើផលប្រយោជន៍ជាតិ ជាជាងការប្រើប្រាស់ពេលវេលាក្នុងការស្រែកជេរប្រមាថ និងវាយប្រហារគ្នាដែលនាំឱ្យខូចខាតកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងយ៉ាងស៊ីជម្រៅអំពី «សីលធម៌នយោបាយ និងការបង្រួបបង្រួមជាតិ» ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែបើកទ្វារចំហ និងស្វាគមន៍ជានិច្ចចំពោះគ្រប់ភាគីទាំងអស់ដែលមានឆន្ទៈពិតប្រាកដក្នុងការចូលរួមបង្រួបបង្រួមជាតិ និងស្ដារ «វប្បធម៌សន្ទនា» ឡើងវិញ។ សម្តេចធិបតីបានស្នើឱ្យមានការបើកចិត្តឱ្យបានទូលំទូលាយលើនិយមន័យនៃការបង្រួបបង្រួមជាតិ ដោយមិនត្រូវចោទប្រកាន់ ឬទម្លាក់កំហុសវាយត្រាលើបុគ្គលណាម្នាក់ថា «លក់ក្បាល» ឬ «ក្បត់ជាតិ» គ្រាន់តែដោយសារតែបុគ្គលរូបនោះមានទស្សនៈ ឬមតិនយោបាយមិនស្របតាមបក្សពួកខ្លួននោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសរំលេចថា ការបង្កើតបរិយាកាសសន្ទនានយោបាយប្រកបដោយភាពថ្លៃថ្នូរ និងចរន្តទម្លាប់នយោបាយវិជ្ជមាន តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់ជាបន្ទាន់នូវវប្បធម៌ជេរប្រមាថ និងការចោទប្រកាន់ឥតប្រយោជន៍។ ផ្ទុយទៅវិញ គ្រប់ភាគីគប្បីបង្វែរមកបង្កើតកិច្ចសន្ទនាដោយផ្ទាល់ ការលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែង និងការផ្តល់មតិយោបល់ក្នុងន័យស្ថាបនា ដើម្បីរួបរួមគ្នាកសាងជាតិ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពកំពូល៕

Share.