ឧត្តរមានជ័យ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជូនដល់គ្រួសារភៀសសឹក និងអតីតយុទ្ធជនចំនួន ១,០៦២គ្រួសារ ដែលបានតាំងទីលំនៅ និងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិផ្ទះបៃតង ខេត្តឧត្តរមានជ័យ។

ព្រះរាជអំណោយ ត្រូវបាននាំយកទៅចែកជូននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តាមរយៈលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដែលជាតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងអាជ្ញាធរខេត្ត។

គ្រួសារទាំងនេះមកពីស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ហើយមិនទាន់អាចវិលត្រឡប់ទៅកាន់ទីលំនៅដើមបានទាំងអស់ ដោយសារតំបន់មួយចំនួននៅជិតតំបន់ប្រឈមនៅតែមានហានិភ័យ។ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា២ដប ម្សៅសាប៊ូ១ថង់ ឃីតដែលមានសារុង ក្រមា មុង និងភួយ១ឃីត ព្រមទាំងថវិកាមួយចំនួន។

កាកបាទក្រហមកម្ពុជាក៏បានផ្តល់ធុងទឹកចំនួន ២៣០ធុង សម្រាប់ប្រើប្រាស់ក្នុងតំបន់ស្នាក់នៅផងដែរ។ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។

លោកបានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងរៀបចំទីលំនៅថ្មី និងសាងសង់ផ្ទះជាបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានដើម អាចរស់នៅក្នុងទីកន្លែងដែលមានសុវត្ថិភាព និងសមរម្យជាងមុន។

ទន្ទឹមនោះ ក៏កំពុងរៀបចំដីសម្រាប់បង្កបង្កើនផល និងជំរុញឱ្យគ្រួសារនីមួយៗអាចចាប់ផ្តើមប្រកបរបរឡើងវិញ ដើម្បីធានាជីវភាពក្នុងរយៈពេលវែង។ លោក យូ ឡាណា ក៏បាននាំព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូររបស់ព្រះមហាក្សត្រ ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព អនាម័យ និងសាមគ្គីភាព ព្រមទាំងសហការជាមួយអាជ្ញាធរដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ យកចិត្តទុកដាក់ពិនិត្យផ្ទៃពោះជាប្រចាំនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ព្រមទាំងលើកកម្ពស់ការការពារជំងឺមិនឆ្លង ការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០,០០០ដុល្លារអាម៉េរិក សម្រាប់ជាព្រះរាជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕

Share.