ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចកាត់យកខ្សែភ្លើងនៅតំបន់ដីឡូតិ៍បុរីពន្លឺថ្មី ខណ្ឌព្រែកព្នៅ និងដកហូតខ្សែភ្លើងប្រវែងប្រមាណ១០០ម៉ែត្រ ព្រមទាំងសម្ភារមួយចំនួន។



ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍បុរីពន្លឺថ្មី ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលព័ត៌មានពាក់ព័ន្ធករណីលួច សមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ជនសង្ស័យទាំង២នាក់រួមមាន ឈ្មោះ កៅ សារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ គឹម ហេង ភេទប្រុស អាយុ៦៤ឆ្នាំ។ តាមព័ត៌មានសមត្ថកិច្ច ជនសង្ស័យទាំង២នាក់មានសារធាតុញៀន។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតខ្សែភ្លើងប្រវែងប្រមាណ១០០ម៉ែត្រ ចំនួន១ដុំ ដែលជារបស់ជនរងគ្រោះ រទេះអូសពណ៌ក្រហម១គ្រឿង ទូរសព្ទដៃម៉ាក OPPO ពណ៌ខៀវ១គ្រឿង និងម៉ូតូ Honda C125 មួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ
