ការកសាងផ្លូវក្រវាត់ព្រំដែនដោយប្រើប្រាស់ថវិការបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានសម្រេចលទ្ធផលយ៉ាងធំធេងរហូតដល់ ៩៨,៨៧ភាគរយ នៃផែនការរួមសរុបប្រវែង ២៦៤,៤០ គីឡូម៉ែត្រ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ដំណើរការស្ថាបនាដ៏មមាញឹកនេះ បានស្ដែងឱ្យឃើញពីការអនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព និងស្មារតីសន្សំសំចៃខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា ក្រុមការងារបានបញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន ៨ កងឯកភាព រួមជាមួយរថយន្ត និងគ្រឿងចក្រសរុប ២៨៦ គ្រឿង ចុះប្រតិបត្តិការផ្ទាល់នៅតាមខ្សែក្រវាត់ព្រំដែន ក្នុងនោះខេត្តមណ្ឌលគិរីមាន ៥ កងឯកភាព (គ្រឿងចក្រ ២០០គ្រឿង) និងខេត្តរតនគិរីមាន ៣ កងឯកភាព (គ្រឿងចក្រ ៨៦គ្រឿង)។ ជាលទ្ធផល ភាគីវិស្វកម្មបានបញ្ចប់ការងាររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាស្ថាពរលើផ្ទៃដី ៦,៦១ លានម៉ែត្រការ៉េ ដោយបានដោះ និងកម្ទេចចោលគ្រាប់គ្រប់ប្រភេទចំនួន ១០៦គ្រាប់ (រួមទាំងគ្រាប់បែកចង្កោម ៤៣គ្រាប់) និងលោហធាតុ ១.០០៦ គីឡូក្រាម។

ក្នុងរយៈពេលប្រមាណ ២០ខែ នៃការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្រុមការងារបានឈូសឆាយ និងចាក់ក្រាលល្បាយកម្ទេចថ្មកិនបង្ហាប់លើកំណាត់ផ្លូវស្ទើរតែទាំងស្រុង ដោយក្នុងនោះការកសាងផ្លូវនៅខេត្តមណ្ឌលគិរីបានសម្រេច ១០០% ពេញ ខណៈខេត្តរតនគិរីសម្រេចបាន ៩៧,៦៣%។ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតនោះគឺ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កងឯកភាពលេខ៧១៥ បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់ «បង្គោលលេខ ០» នៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វព្រំដែនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានដោយជោគជ័យ។ លើសពីនេះ សំណង់សិល្បការ្យជាច្រើនដូចជា លូប្រអប់ ៥៤កន្លែង, លូមូល ៤៨៤កន្លែង, សំណង់បេតុងរក្សាទឹក ១៤កន្លែង, ស្ពានបេតុង ២កន្លែង (ប្រវែង ៥៤ម៉ែត្រ), បង្គោលស្លាកមូលនិធិ ៦កន្លែង និងការដាំដើមត្នោតអត្តសញ្ញាណជាតិសរុប ៥.១៦៦ដើម ក៏ត្រូវបានកសាងរួចរាល់ផងដែរ។

ទន្ទឹមនឹងលទ្ធផលដ៏ត្រជះត្រចង់នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កំពុងបន្តយកចិត្តទុកដាក់លើការថែទាំបច្ចេកទេសខ្សែផ្លូវក្នុងខេត្តមណ្ឌលគិរី ដើម្បីធានាគុណភាពរឹងមាំក្នុងរដូវវស្សា ព្រមទាំងបន្តរញ៉ុកដឹកជញ្ជូនប្រេងឥន្ធនៈ និងសម្ភារៈដើម្បីបង្កើនល្បឿនបញ្ចប់ការដ្ឋានដែលនៅសេសសល់តិចតួចក្នុងខេត្តរតនគិរីឱ្យបានឆាប់រហ័ស។ ស្មារតីនៃការកសាងផ្លូវក្រវាត់ព្រំដែននេះ មិនត្រឹមតែជាការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្កីភាពនៃការរួមសាមគ្គីចិត្តតែមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យប្រែជាសន្តិភាព និងប្រកបដោយចីរភាព៕

Share.