ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បានប្រមាណ ៨២% គិតត្រឹមពាក់កណ្ដាលខែសីហា ឆ្នាំ២០២៦ ដែលដំណើរការលឿនជាងផែនការគ្រោងទុក ខណៈគម្រោងគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៧ខាងមុខ។



គួរបញ្ជាក់ថា គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ តាមប្រតិទិនការងារ គម្រោងមិនមានការយឺតយ៉ាវជាងកម្មវិធីដែលបានគ្រោងទុកឡើយ។
ជាមួយនឹងការសាងសង់ស្ពាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ក៏កំពុងសិក្សាផែនការតភ្ជាប់ស្ពានត្រើយខាងកើតទៅកាន់ផ្លូវជាតិលេខ១ ដើម្បីបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់លំហូរចរាចរណ៍ និងពង្រឹងការតភ្ជាប់រវាងផ្នែកខាងលិច និងខាងកើតនៃស្ពាន។
ក្រោយការសិក្សារួមគ្នារវាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប៉េងហួតគ្រុប តម្រាយគន្លងផ្លូវចាស់ប្រវែងសរុប ៤.៩០០ម៉ែត្រ ត្រូវបានឯកភាពយកមកប្រើប្រាស់ ដោយភ្ជាប់ទៅផ្លូវជាតិលេខ១ និងតភ្ជាប់ទៅគម្រោងស្ពានទន្លេមេគង្គកោះនរា ដែលកំពុងសិក្សាផងដែរ។
ក្នុងចំណោមប្រវែងផ្លូវ ៤.៩០០ម៉ែត្រ មានប្រវែង ៣.៣០៩ម៉ែត្រ ជាផ្លូវដែលមានស្រាប់ និងសាងសង់ដោយក្រុមហ៊ុនប៉េងហួតគ្រុប ខណៈនៅសល់ប្រវែង ១.៥៩១ម៉ែត្រ ដែលរាជរដ្ឋាភិបាលត្រូវសាងសង់បន្ត ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ១។ កំណាត់ផ្លូវនេះគ្រោងពង្រីកទទឹងដល់ ១៦ម៉ែត្រ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ការតភ្ជាប់ផ្លូវនេះ ត្រូវបានរំពឹងថា នឹងជួយសម្រួលការធ្វើដំណើរឱ្យកាន់តែងាយស្រួល កាត់បន្ថយការកកស្ទះ និងបង្កើនសុវត្ថិភាពចរាចរណ៍ ព្រមទាំងជួយបញ្ចៀសបញ្ហាលិចលង់ក្នុងរដូវវស្សា តាមរយៈការសាងសង់ស្ថានីយបូមទឹកមួយកន្លែងផងដែរ៕
អត្ថបទ៖ ចតុម្មុខ
