ភាពទន់ខ្សោយ និងភាពចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខជាតិ និងការគ្រប់គ្រងអាវុធនៅក្នុងប្រទេសថៃ នៅតែបន្តជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃ ជាពិសេសកុមារ យុវជន និងគ្រូបង្រៀននៅក្នុងគ្រឹះស្ថានសិក្សា។ ករណីអាសន្នថ្មីមួយទៀតហើយបានផ្ទុះឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ នៅពេលដែលសាលារៀនល្បីឈ្មោះ Kalyanawat ក្នុងខេត្តខនកែន បានប្រកាសបិទទ្វារសាលារៀនជាបន្ទាន់ និងប្តូរការបង្រៀនទៅជាប្រព័ន្ធអនឡាញវិញ ក្រោយពីមានការផ្ញើសារគំរាមកំហែងប្រើប្រាស់អាវុធសម្លាប់សិស្សរួមក្រុម ពីសំណាក់សិស្សម្នាក់។

យោងតាមការទម្លាយពីប្រភពព័ត៌មានក្នុងប្រទេសថៃបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការជជែកដេញដោលទាស់ទែងពាក្យសម្តីគ្នារវាងសិស្សនៅក្នុងក្រុម Line របស់សាលា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦។ ភ្លាមៗនោះ សិស្សប្រហើនម្នាក់បានផ្ញើសារគំរាមកំហែងថានឹងប្រើប្រាស់អាវុធគំរាមសម្លាប់សិស្សរួចក្រុម មុនពេលចាកចេញពីក្រុម ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សមានការភ័យខ្លាចយ៉ាងខ្លាំង។ ទោះបីជាសាលារៀននេះស្ថិតនៅចម្ងាយត្រឹមតែ ៣០០ម៉ែត្រ ពីប៉ុស្តិ៍នគរបាលក្រុងខនកែនក៏ដោយ ក៏អាជ្ញាធរមិនអាចធានាសុវត្ថិភាពបានភ្លាមៗនោះដែរ រហូតបង្ខំឱ្យលោកនាយកសាលារៀន ចេញលិខិតផ្លូវការប្តូរការសិក្សាទៅជាអនឡាញ ដើម្បីគេចចេញពីគ្រោះថ្នាក់។
ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៅសាលារៀនខេត្តខនកែននាពេលនេះ មិនមែនជាករណីដាច់ដោយឡែកឡើយ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីកម្សោយជាប្រព័ន្ធសន្តិសុខរបស់អាជ្ញាធរថៃ ក្នុងការទប់ស្កាត់ប្រើប្រាស់គ្រឿងញៀនធ្វើឱ្យពលរដ្ឋវង្វេងស្មារតី ហើយកុមារដែលបានប្រើប្រាស់គ្រឿងញៀនកាន់តែមានចិត្តក្លាហានកាន់កាប់អាវុធខុសច្បាប់យ៉ាងអនាធិបតេយ្យពេញសង្គមថៃ។ ដូច្នេះហើយទើបធ្វើឱ្យសង្គមថៃសព្វថ្ងៃនេះប្រឡាក់ដោយឈាមជាច្រើនលើកមកហើយ ដោយសារការបាញ់ប្រហារសាហាវព្រៃផ្សៃនៅក្នុងសាលារៀន និងមជ្ឈមណ្ឌលថែទាំកុមារតូច ដែលបង្កឡើងដោយបុគ្គល សិស្ស និងគ្រូៗ ធ្លាក់ខ្លួនជាជនរងគ្រោះ។
គេនៅចាំបានថា កាលពីដើមខែសីហានេះ មានជនល្មើសអាយុ ១៤ឆ្នាំ បើកការបាញ់ប្រហារនៅសាលារៀន ថេបស៊ីនរីន ក្នុងខេត្ត ណុនថាប៊ុរី ស្ថិតនៅភាគពាយព្យនៃទីក្រុងបាងកកដែលបណ្ដាលឱ្យគ្រូបង្រៀន៣នាក់ និងសិស្ស៥នាក់ស្លាប់ ហើយជនល្មើសក៏បាញ់សម្លាប់ខ្លួនតាមក្រោយ។ ខ្មាន់កាំភ្លើង បានបាញ់យ៉ាងតិចណាស់២៦គ្រាប់ ខណៈប៉ូលិសឃើញមានគ្រាប់កាំភ្លើងបន្ថែមចំនួន ៣៤គ្រាប់ទៀតនៅលើខ្លួន។ ។ មុនឈានដល់ការបាញ់រះនេះ ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួននៅឯផ្ទះផងដែរ។ ហេតុការណ៍បានធ្វើឱ្យផ្អើលអស់សារព័ត៌មានអន្តរជាតិដកស្រង់ផ្សាយបន្តភ្លាមៗ ទើបនាយរដ្ឋមន្ត្រីថៃ អនុទីន ចេញមុខមកប្រកាសពីវិធានការទប់ស្កាត់ការប្រើប្រាស់ និងរឹតបន្តឹងអាវុធ។
ដូច្នេះហើយ នៅពេលដែលក្មេងប្រុស ឬសិស្សសាលាក្នុងប្រទេសថៃ អាចប្រើប្រាស់ពាក្យសម្តីគំរាមកំហែង ឬប្រើប្រាស់អាវុធ បានដោយសេរីនោះ ច្បាស់ណាស់ថា អាវុធនៅក្នុងប្រទេសថៃ អាចស្វែងរកបានយ៉ាងងាយស្រួល ឬអាចដូចទិញអីវ៉ាន់តាមផ្សារភ្លឺ និងផ្សារងងឹត។ បើទោះបីរដ្ឋាភិបាលថៃបានខ្នះខ្នែងបង្កើតរូបភាពឱ្យប្រទេសថៃមានសន្តិសុខរឹងមាំ និងដើរតួជាអ្នកត្រួតពិនិត្យគេឯងនៅក្នុងតំបន់នោះ តែធាតុពិតជាក់ស្តែង សន្តិសុខផ្ទៃក្នុង និងសុវត្ថិភាពសាលារៀនរបស់ថៃខ្លួនឯង បែរជាកំពុងស្ថិតក្នុងស្ថានពោរពេញដោយហានិភ័យ ដែលមិនអាចសូម្បីតែការពារកុមារតូចៗឱ្យរៀនសូត្រដោយសុវត្ថិភាពបានឡើយ៕
