ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ប្រទេសថៃមិនអាចលាក់បាំង ឬបំភ័ន្តភស្តុតាងនៃការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាបានឡើយ ខណៈដែលសហគមន៍អន្តរជាតិ រួមទាំងអាស៊ាន និងអង្គការសហប្រជាជាតិ កំពុងតាមដាន និងកត់ត្រាយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពយោធារបស់ថៃនៅតាមបណ្តោយព្រំដែន។ អង្គហេតុជាក់ស្តែងនៅលើដី ដូចជាការដាក់ទូកុងតឺន័រ របាំងលួសបន្លា និងការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ វិលត្រឡប់ទៅលំនៅឋានវិញ គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលមិនអាចប្រកែកបាន។

ផ្អែកលើទិន្នន័យដកស្រង់ចេញពីការចុះសង្កេតការណ៍ផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពិន បន្តវេនពីប្រទេសម៉ាឡេស៊ី បានបង្ហាញថា នៅតែមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅតាមចំណុចក្តៅមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ ជាក់ស្តែង នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ក្រុមអ្នកសង្កេតការណ៍បានរកឃើញទូកុងតឺន័រចំនួន ៤៤ទូ នៅតាម ១៤ទីតាំង ដែលបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ៧,៨៧៣នាក់ (១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់) មិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ដោយឡែក នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រុម AOT-KH បានពិនិត្យឃើញទូកុងតឺន័រសរុប ៧២ទូ ផ្សេងទៀតនៅ ១០ទីតាំង ដែលកំពុងបន្តរារាំងជីវភាពប្រជាពលរដ្ឋ ១,៤៤៩គ្រួសារ ស្មើនឹង ៥,៣៨៦នាក់ ក្នុងនោះមានកុមារ ១,៥៦៩នាក់។
សរុបមក តែក្នុងខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ មានទូកុងតឺន័ររហូតដល់ ១១៦ទូ ត្រូវបានរៀបចំដាក់នៅ ២៤ទីតាំង ដែលផលប៉ះពាល់ផ្ទាល់នេះបានធ្លាក់ទៅលើពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩នាក់ ស្មើនឹង ៣,៣១៨គ្រួសារ រួមទាំងកុមារតូចៗចំនួន ៣,៤១៦នាក់។ តួលេខទាំងនេះនៅមិនទាន់រាប់បញ្ចូលសកម្មភាពរំលោភបំពាន បទល្មើសដែនដី និងការដាក់របាំងបន្លាលួសរបស់យោធាថៃ នៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់នៅឡើយទេ។ សកម្មភាពទាំងនេះត្រូវបានមើលឃើញយ៉ាងច្បាស់ថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើប្រការ៤ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងយ៉ាងច្បាស់ពីការអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងផ្ទុយស្រឡះពីបទដ្ឋានច្បាប់អន្តរជាតិ។

កាន់តែច្បាស់ជាងនេះទៅទៀត អង្គហេតុនៃការរំលោភបំពានទាំងនេះមិនមែនជារឿងសម្ងាត់ទៀតឡើយ ដោយសារមានវត្តមានតំណាងការទូតបរទេស និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrews បានចុះទៅដល់ទីតាំងជាក់ស្តែង និងបានសង្កេតឃើញដោយផ្ទាល់ភ្នែកនូវទូកុងតឺន័រ របាំងលួសបន្លា និងការបិទផ្លូវរារាំងប្រជាពលរដ្ឋស៊ីវិល។ ការប៉ុនប៉ងបង្កើត «ស្ថានភាពសម្រេចរួចរាល់» ឬ fait accompli តាមរយៈការប្រើប្រាស់កម្លាំងយោធា មិនអាចបង្កើតបាននូវភាពស្របច្បាប់ ឬអធិបតេយ្យភាពឡើយ ព្រោះទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន លួសបន្លាមិនមែនជាសន្ធិសញ្ញា ហើយការកាន់កាប់ដោយកម្លាំងអាវុធក៏មិនអាចកែប្រែខ្សែព្រំដែនបានដែរ។
កម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទី និងលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។ ដំណោះស្រាយប្រកបដោយសន្តិវិធី និងស្របច្បាប់ គឺត្រូវធ្វើឡើងតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមានិងប្រមាណព្រំដែន (JBC) និងការគោរពច្បាប់ជាធរមាន ហើយប្រជាពលរដ្ឋស៊ីវិលទាំងអស់ត្រូវតែបានវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង។ សន្តិភាពពិតប្រាកដមិនមែនត្រឹមតែជាការស្ងប់ស្នូរកាំភ្លើងមួយគ្រានោះទេ ប៉ុន្តែជាការធានាថាប្រជាពលរដ្ឋមានសុវត្ថិភាព និងអាចរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញដោយសេចក្តីថ្លៃថ្នូរ៕
