បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ៧នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីដេញកាប់មន្ត្រីយោធាម្នាក់ ខណៈកំពុងបំពេញភារកិច្ចល្បាតនៅពេលយប់។



ករណីនេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ បន្ទាប់ពីក្រុមនេះបានជិះម៉ូតូ និងទាញកាំបិតខ្វែវដេញកាប់ទៅលើមន្ត្រីយោធាម្នាក់ ខណៈកំពុងចុះល្បាត ប៉ុន្តែមន្ត្រីយោធារូបនោះបានគេចផុតពីការកាប់ប្រហារ។
ជនសង្ស័យទាំង ៧នាក់ រួមមាន៖ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ, សុទ្ធ គឹមសៀង ភេទប្រុស អាយុ២០ឆ្នាំ, រួន រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ, តូ ស៊ីនាង ហៅ លីង ភេទប្រុស អាយុ២២ឆ្នាំ, ហឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ, កួយ ធិង ភេទប្រុស អាយុ២០ឆ្នាំ និង ឈឿត ឆេន ហៅ ម៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំបិតខ្វែវ ១ដើម និងម៉ូតូ ៣គ្រឿង។ ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ហើយរកឃើញជនសង្ស័យម្នាក់ គឺ ឈឿត ឆេន ហៅ ម៉ាន់ មានសារធាតុញៀនក្នុងទឹកនោម។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានទាញកាំបិតខ្វែវដេញកាប់ទៅលើមន្ត្រីយោធា ខណៈរូបគាត់កំពុងបំពេញភារកិច្ចល្បាតនៅពេលយប់។
បន្ទាប់ពីកសាងសំណុំរឿងរួច កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យទាំង ៧នាក់ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ត្រយងតូច
