ត្បូងឃ្មុំ៖ ទឹកជំនន់ទន្លេមេគង្គដែលហក់ឡើងខ្លាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យដំណាំស្រូវ ពោតក្រហម និងបន្លែរបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ រងការខូចខាតទាំងស្រុងជាង ១,០០០ហិកតា។
តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមដើមសប្តាហ៍នេះ ផ្ទៃដីដំណាំដែលរងការលិចលង់ដោយទឹកជំនន់ទន្លេមេគង្គមានចំនួន ១,៧៧៩ហិកតា ខណៈផ្ទៃដីខូចខាតទាំងស្រុងមានចំនួន ១,០៩៥ហិកតា ស្ថិតក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកតំបែរ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងចំណោមផ្ទៃដីដំណាំដែលខូចខាតទាំងស្រុងនោះ មានពោតក្រហមប្រមាណ ៧៣១ហិកតា ស្រូវ ៣៦១ហិកតា និងដំណាំបន្លែ ៣ហិកតា។
លោកបានណែនាំដល់កសិករដែលដំណាំពោតរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យប្រមូលដើមពោតទាំងនោះទុកធ្វើជាចំណីសត្វ ឬកែច្នៃជា «ផ្អកពោត» សម្រាប់ទុកឱ្យគោ និងក្របីស៊ីក្នុងរយៈពេលមធ្យម។

ជាមួយគ្នានេះ លោកក៏បានណែនាំកសិករឱ្យរៀបចំផែនការដាំដុះសមស្រប ដើម្បីកាត់បន្ថយហានិភ័យពីទឹកជំនន់ទន្លេមេគង្គ ដោយគួរចាប់ផ្តើមដាំពោតក្រហមនៅដើមខែមេសា និងដាំស្រូវនៅដើមខែឧសភា៕
អត្ថបទ÷ អាចារ្យលាក់
