ស្វាយរៀង ៖ រថយន្តសាំយ៉ុង២គ្រឿងដឹកជ្រូកនាំចូលមកពីប្រទេសវៀតណាម អត់មានលិខិតអនុញ្ញាត ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះចាប់ឃាត់ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មួយគ្រឿងឃាត់បាន នៅតាមផ្លូវលំ ក្នុងឃុំចន្ត្រី ស្រុករមាសហែក និងមួយគ្រឿងទៀត ឃាត់បាន នៅតាមផ្លូវលំក្នុង ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ដឹកសត្វជ្រូករស់ចំនួន ២៤ក្បាល ក្នុងជ្រូកមួយក្បាលទម្ងន់ពី៨០ ទៅ១០០គីឡូក្រាម និងមួយគ្រឿងទៀតដឹកជ្រូករស់ ចំនួន២៨ក្បាល ។
ប្រភពបន្តទៀតថា រថយន្តទាំង២គ្រឿងខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាត ។

ក្រោយចាប់ឃាត់បាន មន្ត្រីជំនាញនាំយកវត្ថុតាង ទៅក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ
