ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពសរុបចំនួន ១៥៨គ្រួសារ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ប្រជាពលរដ្ឋដែលទទួលបានអំណោយមនុស្សធម៌នាពេលនេះ រួមមានមកពីស្រុកកំពង់សៀម ចំនួន ២៦គ្រួសារ (៣ ឃុំ) និងស្រុកស្ទឹងត្រង់ ២ឃុំ (ឃុំពាមកោះស្នា ៣៥ គ្រួសារ និងឃុំទួលព្រះឃ្លាំង ៩៧គ្រួសារ) ដែលជម្លៀសមករកទីទួលសុវត្ថិភាព។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅ ៣ទីតាំងផ្សេងគ្នា រួមមាន៖ វត្តបល្ល័ង្កពេជ្រ ស្ថិតនៅឃុំរអាង ស្រុកកំពង់សៀម, ភូមិស្រែសង្កែ ស្ថិតនៅឃុំពាមកោះស្នា និងវត្តពោធិមង្គល ស្ថិតនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។



ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសាររងគ្រោះចំពោះគ្រោះធម្មជាតិដែលបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋាន និងជីវភាពរស់នៅ។ ជាមួយគ្នានេះ ឯកឧត្តមបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរជាពន់ពេកពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងមិនទុកនរណាម្នាក់ចោលឡើយ។
បន្ថែមពីនេះ ឯកឧត្តមប្រធានសាខា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងគ្រោះថ្នាក់ផ្សេងៗក្នុងរដូវវស្សា ដោយត្រូវអនុវត្តតាមទិសស្លោក «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី» រស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងត្រូវប្រយ័ត្នប្រយែងកុមារតូចៗពីគ្រោះថ្នាក់លង់ទឹក។ ព្រមទាំងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានតាមដានប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ជាប្រចាំ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនទាំង ១៥៨ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង (១ យួរ), ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១ សម្រាប់ និងថវិកាចំនួន ៥០,០០០ រៀល។
ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកសម្ភារ និងថវិកាចំនួន ៨០០,០០០ រៀល ចូលរួមរំលែកទុក្ខគ្រួសារសពចំនួន ២ ករណី គឺគ្រួសារសពរងគ្រោះលង់ទឹកស្លាប់ ១ ករណី នៅឃុំព្រែកបាក់ និងគ្រួសារសពទទួលមរណភាពដោយជរាពាធ ១ ករណី នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ផងដែរ៕
