ពោធិ៍សាត់៖ ជំនួយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនឹងថវិកាមួយចំនួន ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្តនាំយកទៅឧបត្ថម្ភដល់វីរកងទ័ព កងនគរបាល និងកងរាជអាវុធហត្ថប្រចាំទិសថ្មដា ក្នុងស្មារតី «ខ្មែរតែមួយ» ដោយជួរក្រោយបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ជួរមុខជានិច្ច។

ការជួបសំណេះសំណាល និងប្រគល់ជំនួយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងកម្លាំង ព្រមទាំងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ខូយ រីដា បានលើកឡើងថា ស្ថានការណ៍ជម្លោះ និងអំពើឈ្លានពាន បានបង្កការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ដែលត្រូវចាកចេញពីលំនៅឋាន និងមុខរបរប្រចាំថ្ងៃ ខណៈវីរកងកម្លាំងកម្ពុជាបានបំពេញភារកិច្ចដោយការអត់ធ្មត់ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំយ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរចង់បានសន្តិភាព និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនោះ ប្រជាពលរដ្ឋនៅជួរក្រោយនឹងបន្តរួមសាមគ្គីគ្នា គាំទ្រវីរកងកម្លាំងជួរមុខ ទាំងផ្នែកសម្ភារៈ ថវិកា និងកម្លាំងចិត្ត។សូមបញ្ជាក់ថា ជំនួយដែលបានផ្តល់ជូននាឱកាសនោះ រួមមាន អង្ករ ២១តោន សាច់ជ្រូក ១តោន សាច់គោ ១៧០គីឡូក្រាម ភេសជ្ជៈ បន្លែជាច្រើនមុខ និងថវិកាមួយចំនួន។ ជំនួយទាំងនេះបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តពោធិ៍សាត់៕

អត្ថបទ៖ ពោធិ៍សាត់

Share.