ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ជាតិនៅលើឆាកអន្តរជាតិ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនកម្ពុជា ចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ Pham Thi Thanh Tra ឧបនាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីទេសចរណ៍ក្នុងតំបន់ អង្គទូត ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ-ឯកជន និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។

វត្តមានរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ខួប ២០ ឆ្នាំនៃ ITE-HCMC ក្រោមប្រធានបទ «ការភ្ជាប់ទំនាក់ទំនងយ៉ាងរស់រវើក – គោលដៅទេសចរណ៍សកល» គឺជាជំហានយុទ្ធសាស្ត្រមួយនៃ «កាទូតទេសចរណ៍» ក្នុងការរ៉ាប់រងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងដៃគូក្នុងតំបន់។ ពិព័រណ៍នេះជាវេទិកាពា

ណិជ្ជកម្មទេសចរណ៍ដ៏ធំបំផុតមួយនៅតំបន់មេគង្គ ដោយមានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ជាង ៥០០ ក្រុមហ៊ុន អ្នកទិញអន្តរជាតិកំពូលៗជាង ២៦០ នាក់មកពីជាង ៤០ ប្រទេស ព្រមទាំងអ្នកចូលរួមទស្សនាជិត ៣០,០០០ នាក់។

តាមរយៈការចូលរួមយ៉ាងសកម្មនេះ កម្ពុជាមិនត្រឹមតែបានបង្ហាញពីភាពជាដៃគូជិតស្និទ្ធជាមួយវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់ឱកាសនេះដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏ទាក់ទាញ បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (B2B) និងទាក់ទាញរលកភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាទេសចរវៀតណាម ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦ នេះ៕

Share.