ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូហុងដាឌ្រីមមួយគ្រឿងបានសម្រេច គេចខ្លួនមិនរួច ផ្អើលពលរដ្ឋស្រែកឆោឡោ សមត្ថកិច្ចក្របួចចាប់ជាប់ កាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ១១ ផ្លូវលេខ៣៣៥ ក្រុមទី២៤ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គឹម សម្ផស្ស ភេទប្រុស អយុ៣៩ឆ្នាំ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ទីរួមខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះ ឈ្មោះ ថន រក្សា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតអគ្គិសនី ឆ្នាំទី១ ស្នាក់ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោងខាងលើជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-5696 បានសម្រេចហើយ គេចខ្លួនមិនរួច ផ្អើលពលរដ្ឋ ម្ចាស់រងគ្រោះស្រែកឆោឡោ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១ អន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ដកហូតបានម៉ូតូមកវិញ និងឧបករណ៍កាច់សោ។
ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ
